ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព គឺជាកត្តាគន្លឹះដែលរួមចំណែក ដល់ការសម្រេចបាននូវចក្ខុវិស័យ នៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលវែង ។
ការបញ្ជាក់របស់សម្ដេចធិបតី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២៤ ធ្វើឡើងក្នុងឱកាសអនុញ្ញាត ឲ្យលោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ (K-Water) និងជាប្រធានក្រុមប្រឹក្សាទឹកអាស៊ី (AWC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៤ ។
ក្នុងឱកាសនៃជំនួប លោកបណ្ឌិត YUN Seog-dae បានជម្រាប ជូនសម្តេចធិបតីថា K-Water របស់សាធារណរដ្ឋកូរ៉េ មានបំណងបង្កើន កិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា ជាពិសេសក្នុងការចូលរួមចំណែកលើការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព និងជាឧត្តមប្រយោជន៍ខ្ពស់ក្នុងកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច កម្ពុជា។
ជាមួយគ្នានេះ លោកបណ្ឌិត បានបង្ហាញនូវសុទិដ្ឋិនិយមចំពោះភាពល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ។ តាមរយៈមូលនិធិសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF Loan) និងគម្រោងរបស់ទីភ្នាក់ងារ សហប្រតិបត្តការអន្តរជាតិកូរ៉េ (KOICA) លោកបណ្ឌិត មានជំនឿជាក់ថា K-Water នឹងមានលទ្ធភាពចូលរួមចំណែក ក្នុងការសម្រេចបាននូវគម្រោងនានា ពាក់ព័ន្ធជាមួយ នឹងការគ្រប់គ្រង ធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជា ។ បន្ថែមលើនេះ ការដំឡើងកម្រិតទំនាក់ទំនង រវាងសាធារណរដ្ឋកូរ៉េ និងព្រះរាជាណាចក្រកម្ពុជាទៅជា “ភាពជាដៃគូយុទ្ធសាស្រ្ត” នឹងអាចជំរុញឱ្យ K-Water មានលទ្ធភាពច្រើនថែមទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការនាំយក នូវបទពិសោធន៍ និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងយន្តការ នៃការគ្រប់គ្រងធនធានទឹក ទៅចូលរួមចំណែកក្នុងការ គ្រប់គ្រងធនធានទឹកនៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែករបស់ K-Water ជាមួយកម្ពុជា ក្នុងការគ្រប់គ្រងធនធានទឹក ដែលសម្ដេចធិបតី បានគូសបញ្ជាក់ថា នៅកម្ពុជា មានក្រសួងសំខាន់ចំនួនពីរ ដែលជាសេនាធិការលើកិច្ចការពាក់ព័ន្ធ ជាមួយនឹងការគ្រប់គ្រងធនធានទឹក រួមមាន ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ។
ជាមួយគ្នានោះសម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យ K-Water សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមចំណែក ក្នុងការអនុវត្តគម្រោងនានា របស់សាធារណរដ្ឋកូរ៉េ ពាក់ព័ន្ធនឹងធនធានទឹក នៅប្រទេសកម្ពុជា តាមរយ:ការសិក្សាស្វែង យល់ឱ្យបានស៊ីជម្រៅបន្ថែមទៀត លើតំបន់ ដែលមានធនធានទឹកនានានៅកម្ពុជា និងកំណត់នូវពេលវេលាក្នុងការរៀប ចំគម្រោងពាក់ព័ន្ធ ជាមួយនឹងការគ្រប់គ្រងធនធានទឹកតាមបណ្ដាញ នៃទន្លេមេគង្គ និង បឹងទន្លេសាប សំដៅធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជា មានធនធានទឹក ដែលអាចគ្រប់គ្រងបាន និងអាចធានាបាននូវប្រភពទឹក គ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់វិស័យកសិកម្មនៅរដូវប្រាំង និងការទប់ស្កាត់នូវគ្រោះមហន្តរាយទឹកជំនន់ និងការបង្កផលវិបាកផ្សេងៗទៀតនារដូវវស្សាផងដែរ។ សម្ដេចធិបតីក៏បានគូសបញ្ជាក់ផងដែរថា ការគ្រប់គ្រងធនធានទឹក ប្រកបដោយប្រសិទ្ធភាព គឺជាកត្តាគន្លឹះដែលរួមចំណែកដល់ការសម្រេច បាននូវចក្ខុវិស័យនៃការអភិវឌ្ឍ ប្រទេសជាតិក្នុងរយៈពេលវែង។
សម្តេចធិបតី បានលើកទឹកចិត្តឱ្យ K-Water បន្តរួមចំណែកបន្ថែមទៀត ក្នុងគម្រោងនានាពាក់ព័ន្ធនឹងការគ្រប់គ្រង ធនធានទឹកនៅកម្ពុជា ដែលស្ថិតនៅក្រោមគម្រោងជំនួយផ្លូវការរបស់សាធារណរដ្ឋកូរ៉េ តាមរយៈ KOICA និង EDCF Loan ៕