ព័ត៌មានជាតិ

ប្រធាន ICAPP ៖ ដំណើរទស្សនកិច្ច របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឲ្យបរិយាកាស នយោបាយនៅកូរ៉េ កាន់តែមានភាពស្រស់បំព្រង

ភ្នំពេញ ៖ លោក​ ជុង អ៊ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយនៅអាស៊ី (ICAPP) បានបង្ហាញនូវក្ដីរីករាយយ៉ាងក្រៃលែង ចំពោះដំណើរទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យបរិយាកាស នយោបាយនៅកូរ៉េ មានភាពកាន់តែស្រស់បំព្រង

ការលើកឡើង របស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្សនយោបាយនៅអាស៊ី (ICAPP) ធ្វើឡើងក្នុងឱកាសទទួលបានការ អនុញ្ញាតចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសសម្ដេចបំពេញ ទស្សនកិច្ចផ្លូវការនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ពីថ្ងៃទី ១៥-១៨ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនៃជំនួប ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានវាយតម្លៃខ្ពស់ អំពីលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាង ICAPP និងព្រះរាជាណាចក្រកម្ពុជា និងបានសម្ដែងនូវការអរគុណ ចំពោះការគាំទ្រ និងការជួយជ្រោមជ្រែងរបស់កម្ពុជា ដល់ ICAPP ដែលធ្វើឱ្យ ICAPP ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការរៀបចំមហាសន្និបាតម្តងៗ ។ ជាមួយនឹងបទពិសោធន៍ និងជោគជ័យដែល ICAPP ទទួលបាន ពីការៀបចំមហាសន្និបាតលើកទី៦ នៅកម្ពុជា កាលពីឆ្នាំ ២០១០ លោកមានជំនឿយ៉ាងមុតមាំថា មហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញខាងមុខនេះ នឹងកាន់តែមានភាពអធិកអធម និងជោគជ័យបន្ថែមទៀត។

បន្ថែមលើសនេះ លោកបានបង្ហាញ នូវក្ដីរីករាយយ៉ាងក្រែលែង ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យ បរិយាកាស នយោបាយនៅកូរ៉េ មានភាពកាន់តែស្រស់បំព្រង តាមរយៈវត្តមានជាសាធារណៈ របស់លោកជំទាវទី១ នៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនាឱកាសនេះ។

ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ ក៏បានចូលរួមអបអរសាទរ ចំពោះជោគជ័យនៃដំណើរទស្សនកិច្ចរបស់ សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ហើយមានសុទិដ្ឋិនិយមថា ការណ៍នេះនឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ។

ជាការឆ្លើយតប សម្ដេចធិបតី បានគូសបញ្ជាក់ថា ការឯកភាពដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” រវាងប្រទេសទាំងពីរ នឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានការលូតលាស់ និង រីកចម្រើនថែមទៀត ។ ជាក់ស្ដែង ការចុះអនុស្សរណៈ ស្ដីពីការយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ នឹងកាន់តែជំរុញ កិច្ចសហប្រតិបត្តិការ លើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ជាពិសេសការជំរុញលើវិស័យទេសចរណ៍ និងការតភ្ជាប់រវាង ប្រជាជន និងប្រជាជន។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅកូរ៉េ និងបានអរគុណ និងវាយតម្លៃខ្ពស់ដែលរដ្ឋាភិបាលកូរ៉េបាន និងកំពុងបន្តបង្កើនកូតាពលករ សម្រាប់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជានឹងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យការរៀបចំមហាសន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ មានភាពអធិកអធម និងទទួលបានជោគជ័យថ្លៃថ្លា ៕

To Top