ព័ត៌មានជាតិ

ក្រុមអ្នកលេងដាវ កាំបិត ៤នាក់ ត្រូវបាន អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបបានពាក់ព័ន្ធករណីហិង្សាដោយចេតនា

កាលពីវេលាម៉ោង ១៣ និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋាន អាវុធហត្ថសែនសុខ បានទទួលទទួលព័ត៌មានថាមានករណីក្មេងស្ទាវមួយក្រុមមានគ្នា១៤នាក់ ជិះម៉ូតូ៧គ្រឿង ប្រដាប់ដោយ កាំបិត ដាវ ដុំថ្ម បានធ្វើសកម្មភាព ដេញកាប់ និងគប់ ទៅលើបុរសជាជនរងគ្រោះចំនួន ០៤នាក់ ជិះម៉ូតូ ០២គ្រឿង ប៉ុន្តែមិនបណ្តាលឲ្យរងរបួសនោះទេ ដោយសារតែបុរសទាំង០៤នាក់ បានផ្ដួលម៉ូតូចោល និងរត់គេចខ្លួន បន្ទាប់មកក្រុមជនសង្ស័យទាំងនោះ បានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញទៅលើម៉ូតូរបស់ជនរងគ្រោះជាច្រើនកាំបិត បណ្តាលឲ្យខូចខាតយ៉ាងដំណំ ក្រោយធ្វើសកម្មភាពរួច ក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់អស់។ ហេតុការណ៍នេះកើតឡើងនៅចំណុចផ្លូវ៩២ ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ភ្លាមៗនោះ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខ បានធ្វើការចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ជាបន្តបន្ទាប់ យកមកសាកសួរតាមនីតិវិធីនៅមូលដ្ឋានខណ្ឌ ដោយវត្ថុតាងចាប់យករួមមាន ៖ ម៉ូតូ ០១គ្រឿង ម៉ាក Beat ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1U-6234, កាំបិតផ្គាក់ កាំបិតប៉័ងតោ សរុបចំនួន០៤ដើម។ 

ជនទាំង០៤នាក់ រួមមាន ៖ ០១.ឈ្មោះ ខឿនន វិរៈយុទ្ធ ហៅ ស្វាភ្លើង ភេទប្រុស អាយុ ១៤ឆ្នាំ, ០២.ឈ្មោះ សេង ហុកជា ភេទប្រុស អាយុ១៣ឆ្នាំ, ០៣.ឈ្មោះ សីហា សត្រា ភេទប្រុស អាយុ ១៥ឆ្នាំ, ០៤.ឈ្មោះ អ៊ូ ដេវីត ហៅ ជា ភេទប្រុស អាយុ១៨ឆ្នាំ។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យទាំង០៤នាក់ បានសារភាពឲ្យដឹងដូចគ្នាថា នៅថ្ងៃកើតហេតុខាងលើ ពួកខ្លួន និងបក្ខពួក១០នាក់ផ្សេងទៀត ពិតជាបានប្រើអំពើហិង្សាទៅលើជនរងគ្រោះ ពិតប្រាកដមែន ដោយសារកន្លងមកពួកខ្លួនធ្លាប់មានទំនាស់ជាមួយក្មេងស្ទាវមួយក្រុមផ្សេងទៀត ហើយស្មានតែជនរងគ្រោះជាភាគីសត្រូវដែលមានទំនាស់ជាមួយពួកខ្លួន ហើយក៏បានយក ដាវ កាំបិតផ្គាក់ កាំបិតប៉័ងតោ ដុំថ្ម កាប់ និងគប់ ទៅលើជនរងគ្រោះ តែដោយសារជនរងគ្រោះរត់គេច ពួកខ្លួនក៏ធ្វើសកម្មភាពកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះតែម្ដងទៅ។

បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់ ខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ចំណែកឯបក្ខពួកដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវឃាត់ខ្លួនបន្ត៕

To Top