ភ្នំពេញ៖ នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC) លោកបណ្ឌិត ប៊ុន ភារិន បានគូសបញ្ជាក់ថា សិស្សក្នុងជំហានទី១នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់ បាននិងកំពុងសម្រេចបានតាមអភិក្រមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” ពោលគឺសិស្សដែលបានទទួលការបណ្តុះបណ្តាល ជំនាញនៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជាក្នុងរយៈពេលបួនខែមកនេះ បាននិងកំពុងចេញហាត់ការនៅតាមក្រុមហ៊ុន សហគ្រាសនានា និងបានធ្វើតេស្តសមត្ថភាពបញ្ចប់ការសិក្សាទៅតាមជំនាញរៀងៗខ្លួន ដើម្បីយកទៅប្រើប្រាស់ក្នុងទីផ្សារការងារ។
ការគូសបញ្ជាក់របស់នាយកវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា (NPIC)ដូចនេះ គឺក្នុងពេលដែលអ្នកសារព័ត៌មានចំនួន២០នាក់មកពី១០ស្ថាប័នបានចុះធ្វើទស្សនកិច្ចផ្ទាល់នៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជា នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ដើម្បីស្វែងយល់និងយកព័ត៌មានផ្ទាល់ពីសិស្ស និងគ្រូបណ្តុះបណ្តាលជំនាញក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥លាននាក់។
លោកបណ្ឌិត ប៊ុន ភារិន ជឿជាក់ថា ការមកមើលឃើញផ្ទាល់ភ្នែកដូចនេះ គឺអ្នកសារព័ត៌មាននឹងអាចផ្សព្វផ្សាយពីតថភាព និងគុណតម្លៃនៃជំនាញនីមួយៗ កាន់តែច្បាស់និងទូលំទូលាយទៅដល់ប្រជាពលរដ្ឋ ជាពិសេសនឹងអាចជម្រុញដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់មកចុះឈ្មោះចូលរៀនកាន់តែច្រើននៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដ៏ធំមួយ បង្កើតឡើងក្នុងឆ្នាំ២០០៥ ស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ទន្ទឹមនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក កត្តា អ៊ន
ក៏ជឿជាក់ដែរថា តាមរយៈដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាននៅវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកសារព័ត៌មានបានប្រមូលព័ត៌មាន និងមើលឃើញផ្ទាល់ភ្នែកនូវការអនុវត្តកម្មវិធីបណ្តុះបណ្តាល អគារសិក្សា បន្ទប់ពិសោធន៍ រោងជាង និងស្នាដៃរបស់សិស្សផ្ទាល់តែម្តង។ ជាពិសេសអ្នកសារព័ត៌មាន ក៏បានកត់សម្គាល់នូវឥរិយាបទ សីលធម៌ សុជីវធម៌ល្អរបស់សិស្សនៃវិទ្យាស្ថានពហុបច្ចេកទេសកម្ពុជានេះផងដែរ។
លោក កត្តា អ៊ន រំពឹងថាអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនឹងចូលរួមយ៉ាងសំខាន់ក្នុងការផ្តល់ដំណឹង និងព័ត៌មានទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន អំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការអនុវត្តកម្មវិធីថ្នាក់ជាតិនេះឲ្យទទួលបានជោគជ័យ។
លោក កត្តា អ៊ន លើកទឹកចិត្តដល់យុវជនដែលពុំទាន់មានជំនាញច្បាស់លាស់គួរចាប់យកឱកាសចូលរៀនវគ្គជំនាញខ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូនដោយមិនបង់ថ្លៃសិក្សានេះ និងថែមទាំងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលពេលកំពុងសិក្សាទៀតផងសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
សូមបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដើម្បីសម្រេចបាននូវ អភិក្រម “រៀនឱ្យចប់ រៀនឱ្យចេះ ឲ្យមានការងារធ្វើ” បានកំណត់វិស័យសំខាន់ៗចំនួន១០ និងមុខជំនាញចំនួន៣៨ ដែលសុទ្ធសឹងតែជាតម្រូវការទីផ្សារ និងមានឱកាសការងារខ្ពស់។ វិស័យអាទិភាពទាំង១០ ដែលបានជ្រើសរើស រួមមាន សំណង់, អគ្គិសនីនិងថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។
ក្នុងអំឡុងពេលសិក្សា ក្រុមយុវជនគោលដៅដែលចូលរួមកម្មវិធីបណ្តុះបណ្តាលនេះនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន រួមមាន៖ (១).សិក្សាដោយមិនបង់ថ្លៃ, (២).ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកសិក្សាពេញម៉ោង, (៣).ផ្តល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, (៤).កន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, (៥).សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា, (៦).ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, (៧).ឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅត្រូវបំពេញលក្ខខណ្ឌមួយចំនួន រួមមាន ៖ (១).ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត, និង (៤).មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ។
សម្រាប់អ្នកមានបំណងចុះឈ្មោះចូលរៀន និងស្វែងរកព័ត៌មាននៃវគ្គសិក្សាជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស អាចចូលតាមរយៈ ទី(១). ប្រព័ន្ធឌីជីថល ដែលមានលើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M) រឺតាមរយៈគេហទំព័រ www.tvet.gov.kh។ (http://www.tvet.gov.kh/) និងទី(២). តាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈទូទាំងប្រទេស។ ដើម្បីចូលរៀនក្នុងកម្មវិធីនេះ យុវជនគោលដៅត្រូវបំពេញលក្ខខណ្ឌមួយចំនួន រួមមាន ៖ (១).ជាយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, (២).មានអាយុចាប់ពី១៥ឆ្នាំឡើង, (៣).មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត, និង (៤).មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕









