ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ពលករកម្ពុជា បម្រើការនៅក្រៅប្រទេស កុំយល់ថា ខ្លួនមកបំពេញការងារនៅក្រៅប្រទេស គឺជាកិច្ចការងារថោកទាប ឬជាខ្ញុំគេ ឱ្យតែការងារស្របច្បាប់ កុំធ្វើរឿងខុសច្បាប់ នោះហើយជាការជួយជំរុញដល់សេដ្ឋកិច្ចជាតិ ហើយជាមោទនភាពមួយ ។
ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការផ្លាស់ប្តូរការងារ ពីក្នុងស្រុក មកក្រៅស្រុក គឺជាកិច្ចការងារមួយជួយជំរុញដល់សេដ្ឋកិច្ចជាតិ តាមរយៈចំណូលរបស់ពលករ ចូលទៅក្នុងប្រទេស។ ពលករទទួលបានចំណេះជំនាញ បទពិសោធន៍ ពេលត្រឡប់ទៅប្រទេសកំណើតវិញ ចំណែកប្រទេសដែលទទួលពលករកម្ពុជា ក៏ទទួលបាន កម្លាំងពលកម្ម លើវិស័យដែលខ្វះខាត ទាំងនេះ ត្រូវបានសម្តេចថា ជាការផ្តុំគ្នាបង្កើតសេដ្ឋកិច្ចទៅដូចគ្នា ។
សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការបើកច្រកនិងរកទីផ្សារ ឱ្យបងប្អូននៅក្រៅ មិនមែនជាការដែលយើង យកពលករ យកប្រជាជនយើងទៅធ្វើជាខ្ញុំគេនោះទេ មិនបានបង្ខំទេ ហើយទៅទីនោះ ក៏មិនមែនឱ្យបងប្អូនទៅដាច់តែឯងនោះដែរ គឺយើងមានយន្តការគាំពារទៀត” ។
សម្តេចបន្ថែមថា “នៅកូរ៉េនេះ ការដាក់ពាក្យតែងតែច្រើនជាងតម្រូវការ ដោយសារអ្វី? ដោយសារផល និងការងារនៅទីនេះ បានបៀវត្សន៍ល្អ បូកជាមួយនឹងលក្ខខណ្ឌការងារបានល្អ បងប្អូនមកមិនមានអារម្មណ៍ថា ជាខ្ញុំគេ ប៉ុន្តែមានអារម្មណ៍មួយថា ជាកម្លាំងពលកម្មមួយដែលជួយចម្រើនសេដ្ឋកិច្ច នេះគឺជាអ្វីដែលយើងត្រូវមានមោទនភាព” ។
សម្តេចធិបតី បានបញ្ជាក់ថា “កុំឱ្យតែធ្វើអ្វីខុស កុំធ្វើអីខុសច្បាប់ គ្មានអ្វីថោកទាបនោះទេ ។ បើគិតថា ធ្វើការនៅកូរ៉េ ជារឿងអាមាស់ គិតថាខុសច្បាប់ ឬមួយជាខ្ញុំគេនោះ ទោះបីទៅទីណាក៏ដូចគ្នាដែរ ។ បើយើងមកកូរ៉េ ពលករកូរ៉េ ក៏ទៅប្រទេសជឿនលឿនជាងនេះ គឺផ្លាស់ប្តូរពលកម្មដូចតែគ្នានោះទេ “។
សម្តេចធិបតីថា គ្មានប្រទេសណាមួយគេបិទច្រកនោះទេ និងបានលើកឡើងរឿង ភូមា នៅពេលលោកស្រី អ៊ុង សានសូជីឡើងទៅថៃ ហៅពលករភូមា១លាននាក់ ឱ្យត្រឡប់ទៅវិញ កាលនោះត្រូវបានអ្នកនយោបាយមួយចំនួន វាយប្រហារដល់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែមកទល់នឹងពេលនេះ ពលករភូមានៅប្រទសថៃ ច្រើនជាង១លាននាក់ទៀត ។
សម្តេចធិបតី គូសបញ្ជាក់ថា “ជាជម្រើសនៃការងារ យើងមិនហាមផ្តាច់ តែយើងខិតខំ ជាមួយគ្នា បង្កើតការងារឱ្យច្រើននៅកម្ពុជា បង្កើតឱ្យច្រើន រុញឱ្យដល់មូលដ្ឋាន ហើយនេះជាអ្វីដែលគោលការណ៍ ប៉ុន្តែមិនហាមឃាត់នោះទេ”៕