ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ឧសភានេះ បានចេញសាររំលែកទុក្ខ និងបានចាត់ឱ្យមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ នាំយកថវិកាចំនួន៥លានរៀល ទៅជូនក្រុមគ្រួសារសពលោក ហោ ម៉ៅ ដែលតែងតែសម្រួលចរារណ៍ នៅស្តុបចាក់អង្រែលើ ដែលបានបាត់បង់ជីវិត ដោយជំងឺគាំងបេះដូង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤។
តាមរយៈសារលិខិតរំលែកទុក្ខលោក ឃួង ស្រេង ចាត់ទុកមរណភាពរបស់ លោក ហោ ម៉ៅគឺជាការបាត់បង់នូវ ឪពុក ជីតា និងញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅ ដោយព្រហ្មវិហារធម៌ និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវធនធានមនុស្ស ដែលបានរួមចំណែកលើកិច្ចការសង្គម នាពេលកន្លងមក។
ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន លោក ឃួង ស្រេង សូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្ដីសោកសៅជាមួយលោកស្រី ព្រមទាំង ក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួង ដល់ដូងវិញ្ញាណក្ខន្ធរបស់លោក ហោ ម៉ៅ សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕