ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាង ពីការចូលរួម ក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូរ របបដោយវិធីសាស្ត្រ មិនប្រជាធិបតេយ្យ ។
នាឱកាសអញ្ជើញ ជាអធិបតីបើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃ២០ ឧសភា សម្ដេចធិបតីលើកឡើងថា នៅពេលមានសង្គ្រាមកើតឡើងហើយ គ្មានឡើយសិទ្ធិមនុស្ស គ្មានឡើយលទ្ធិប្រជាធិបតេយ្យ ដូច្នេះគឺជាទទួលខុសត្រូវរបស់រដ្ឋ និងប្រជាជនទាំងអស់គ្នា ក្នុងការពារសន្ដិភាព ក្នុងការឲ្យតម្លៃដល់សន្ដិភាព ដែលសម្រេចបានមកជាមួយនឹងការលះបង់ មិនអាចកាត់ថ្លៃបាននោះទេ ដោយមិនភាន់ច្រឡំថា «សន្ដិភាព មកបានដោយឯកឯងនោះទេ» ។
សម្ដេចធិបតី មានប្រសាសន៍ថា «មេដឹកនាំអនាគត របស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួម ក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្តូររបប ដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់មនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាពឲ្យខានតែបាន»។
សម្ដេធិបតីថា កម្ពុជា នឹងបន្ដអនុវត្តគោលនយោបាយការបរទេស ឯករាជ្យ ផ្អែកលើច្បាប់ កសាងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា ជាមួយប្រទេសទាំងអស់ក្នុងពិភពលោក នឹងជាមួយអង្គការអន្ដរជាតិនានា ព្រមទាំងនឹងបន្ដចូលរួមយ៉ាងសកកម្មបុព្វហេតុសន្ដិភាព ស្ថេរភាព សន្ដិសុខ វិបុលភាព ក្នុងតំបន់ និងពិភពលោក ។
សម្ដេចធិបតីបន្ថែមថា កម្ពុជា ក៏បន្តការពារខ្លួនប្រឆាំងការប្រឌិត ដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ង់ ទាំងឡាយ ដែលចង់ធ្វើឲ្យកម្ពុជា ធ្លាក់ទៅក្នុងអន្ទាក់ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជា ទៅជាសមរភូមិសង្គ្រាមត្រជាក់ថ្មី ៕