ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា កិច្ចការកម្ពុជាបានធ្វើទាក់ទងនឹង ការអប់រំអំពីប្រល័យពូជសាសន៍ ក៏ជាជោគជ័យដ៏លេចធ្លោរមួយ នៅលើឆាគអន្តរជាតិផងដែរ។
ការលើកឡើងរបស់សម្តេចធិបតីនេះ ក្នុងឱកាសអញ្ជើញជាអធិបតី បើកសន្និសីទស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នៅព្រឹកថ្ងៃទី១៨ ឧសភា ។ ពាក់ព័ន្ធពីប្រល័យពូជសាសន៍នេះ សម្ដេចធិបតីបានប្តេជ្ញាថា កម្ពុជានឹងបន្កការពារខ្លួនប្រឆាំង ការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្ខូចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និងប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឲ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់ នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជាទៅជាសមរភូមិ សង្គ្រាមត្រជាក់សារជាថ្មីម្តងទៀត។
សម្ដេចធិបតីបន្ដថា ការប្រឈមនឹងអតីតកាលគឺជា អម្រែកផ្លូវចិត្តដ៏ធ្ងន់សម្រាប់កម្ពុជា ដោយសារតែអំពើឃោឃៅយង់ឃ្នងនៃរបបខ្មែរក្រហម និងការឈឺចាប់ជាច្រើទស្សវត្សររបស់ប្រជាជនខ្មែរ តែយ៉ាងណាក្តីការប្រឈមមុខនឹង អតីតកាលមិនចាំបាច់ផ្តោតតែលើសោកនាថកម្ម ដែលប្រជាពលរដ្ឋជួបប្រទះក្នុងសតវត្សទី២០នោះទេ តែប្រជាជនកម្ពុជាត្រូវតែមាន សង្ឃឹមជាមួយនឹងការពិត ដែលប្រជាជននិងប្រជាជាតិ បានរស់រានប្រកបដោយភាពរឹងមាំ ហើយកម្ពុជាក៏ជាគំរូមួយ សម្រាប់ប្រទេសផ្សេងៗទៀត នៅជុំវិញពិភពលោកដែលកំពុង ទទួលរងនូវជោគវាសនាស្រដៀងគ្នានេះផងដែរ។
សម្ដេចនាយករដ្ឋមន្ដ្រី គូសបញ្ជាក់ថា «កិច្ចការដែលកម្ពុជាបានធ្វើទាក់ទងនឹង ការអប់រំអំពើប្រល័យពូជសាសន៍នេះ ក៏ជាជោគជ័យដ៏លេចធ្លោរមួយ នៅលើឆាគអន្តរជាតិ ហើយកិច្ចការដែលកម្ពុជាបានធ្វើ ក៏អាចយកទៅប្រើប្រាស់ដើម្បីជា មេរៀនសម្រាប់ការអភិវឌ្ឍរបស់ប្រទេស ក្រោយជម្លោះផ្សេងៗទៀតផងដែរ» ៕