ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា អំពាវនាវពលរដ្ឋ បន្តរួបរួមគ្នាការពារសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេស ជាមួយរាជរដ្ឋាភិបាល

ភ្នំពេញ ៖ ទិវាជាតិនៃការចងចាំ ២០ ឧសភា ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តរួបរួមគ្នាការពារសុខសន្តិភាព ឲ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍប្រទេសជាតិ​ ជាមួយរាជរដ្ឋាភិបាល។

តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានឲ្យដឹងថា ថ្ងៃទី២០ ឧសភា គឺជាថ្ងៃរំលឹកទិវាជាតិ នៃការចងចាំ ដែលប្រជាជនកម្ពុជា គ្រប់រូបមិនអាចបំភ្លេចបាននូវការឈឺចាប់ បង្កឡើងដោយពួកបនប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដថា រយៈពេល៣ឆ្នាំ ៨ខែ ២០ថ្ងៃ (១៧ មេសា ១៩៧៥-៦ មករា ១៩៧៩) ពួកខ្មែរក្រហម បានកាប់សម្លាប់ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ អស់ជាង ២លាននាក់ ដោយការធ្វើទារុណកម្ម បង្អត់អាហារ ការជម្លៀស ការបោសសម្អាតផ្ទៃក្នុង ការបង្ខំឲ្យធ្វើការហួសកម្លាំង ការបង្ខំឲ្យរៀបការនិងអំពើអមនុស្សធម៌ផ្សេងៗទៀត ព្រមទាំងបានបំផ្លិចបំផ្លាញខឿនសេដ្ឋកិច្ច វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធសង្គម ស្ទើរគ្មានសល់។

លោកឧបនាយករដ្ឋមន្ដ្រីបន្ថែមថា មិនត្រឹមតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ សូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា គូសបញ្ជាក់ថា «សូមប្តេជ្ញាការពារសុខសន្តិភាព ដែលថ្នាក់ដឹកនាំស្វែងរក បានលំបាកឲ្យបានគង់វង្សតរៀងទៅ និងប្រឆាំងដាច់ខាតមិនឲ្យរបបប្រល័យពូជសាសន៍ ប៉ុល ពត វិលត្រឡប់មកវិញសារជាថ្មីឡើយ ។ ជាមួយគ្នានេះដែរ ខ្ញុំក៏អំពាវនាវដល់ពុកម៉ែ បងប្អូនប្រជាជនកម្ពុជាទាំងអស់ សូមបន្តរួបរួមគ្នាការពារសុខសន្តិភាព ឲ្យបានគង់វង្ស និងចូលរួមអភិវឌ្ឍប្រទេសជាតិយើង ជាមួយរាជរដ្ឋាភិបាល ឲ្យកាន់តែសម្បូររុងរឿងថ្កុំថ្កើង ជានិច្ចនិរន្តរ៍តរៀងទៅ»

To Top