ភ្នំពេញ ៖ កម្ពុជានឹងរៀបចំ ការប្រឡងចម្រៀង ជាពួកអន្តរជាតិ ជាលើកទី១ ថ្ងៃទី៣០ ខែឧសភា ខាងមុខនេះ ដើម្បីលើកស្ទួយ វិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និងបរិស្ថាន របស់ខ្លួនឱ្យកាន់តែទូលំទូលាយ នៅលើឆាកអន្តរជាតិ ។
នៅសន្និសីទសារព័ត៌មានអន្តរក្រសួង ស្តីការផ្សព្វផ្សាយព្រឹត្តិការណ៍ ប្រឡងចម្រៀង ជាពួកអន្តរជាតិលើកទី១ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានការ ចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន និងអង្គការដៃគូ នាព្រឹកថ្ងៃទី២០ ខែឧសភាឆ្នាំ ២០២៤នេះ លោក សំ សំណាង ទីប្រឹក្សាក្រសួងវប្បធម៌ បានមានប្រសាសន៍ថា កម្មវិធីនេះ នឹងមានក្រុមអ្នកចម្រៀងជាពូក ចំនួន៧ក្រុម មកពីប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង កម្ពុជាស្មើនឹង ២៥០នាក់ ។
លោកបញ្ជាក់ថា ៖ « កម្មវិធីនេះ រំពឹងលើ៣ចំណុចសំខាន់ គឺ ការរៀបចំនេះនឹងបើកទ្វារ ឱ្យទេសចរមកទស្សនកិច្ច នៅកម្ពុជាកាន់តែច្រើន ។ ទី២ កម្មវិធីនេះ គឺជាកម្មវិធីអន្តរជាតិ ដូច្នេះ អ្នកចូលរួមនៅពេល ដែលត្រឡប់ទៅប្រទេសខ្លួនវិញ ពួកគេផ្សព្វផ្សាយពីកម្ពុជាដែរ ។ ចំណុចទី៣ លោករំពឹងថា បន្ទាប់ពីជោគជ័យ លើការរៀបចំលើកទី១នេះហើយ នៅឆ្នាំ២០២៦ នឹងមានការរៀបចំជាលើកទី២ ហើយក៏មានការរៀបចំរៀងរាល់២ឆ្នាំម្តង និងកាន់តែធំជាងនេះទៀត ។
កម្មវិធីនេះ រៀបចំដោយINTERKULTUR និង ALL DREAMS CAMBODIA ដោយមានការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងសាលារាជធានីភ្នំពេញ ។
លោកស្រី ឡូ រ៉ង់ ( Laurence Labadens) តំណាង ALL DREAMS CAMBODIA បានលើកឡើងលើកឡើងថា ព្រឹត្តិការណ៍ប្រឡងចម្រៀងនេះ រៀបចំឡើងក្នុងគោលបំណង ធ្វើយ៉ាងណាជួយផ្សព្វផ្សាយ ពីប្រទេសកម្ពុជា ទាំងផ្នែកវប្បធម៌ សិប្បៈ ជាពិសេសរាជធានីភ្នំពេញតែម្តង ឱ្យកាន់តែមានភាពល្បីល្បាញ លើឆាកអន្តរជាតិ និងអាចទាក់ទាញភ្ញៀវទេសចរមកកម្ពុជា កាន់តែច្រើនឡើង។
លោកស្រីបញ្ជាក់ថា ក្នុងកម្មវិធីនេះ រាល់ការចំណាយទាំងអស់ គឺALL DREAMS CAMBODIA ជាអ្នកទទួលខុសត្រូវ ។ ក្រៅពីការប្រឡងចម្រៀង ជាពួកអន្តរជាតិ កម្មវិធីនេះ ក៏មានជាការភ្ជាប់ជាមួយនឹង សិក្ខាសាលាបន្ថែមទៀត សម្រាប់សិស្សនិស្សិតមកពីសាកលវិទ្យាល័យ និងសាលានានាអាចចូលរួមបាន ប៉ុន្តែ ចំពោះសិក្ខាសាលានេះ ក៏មានជាការបង់ថ្លៃបន្តិចបន្តួចដែរ ។
សូមជម្រាបថា ពិធីបើកកម្មវិធីនេះ នឹងប្រារព្ធនៅថ្ងៃទី២៩ ខែឧសភា នៅដាលមហោស្រពចតុម្មុខ ក្រោមអធិបតីរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពិធីបិទ នឹងធ្វើនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅសាលមហោស្រពក្នុងបរិវេណវិទ្យាស្ថានបច្ចេកទេសកម្ពុជា (សាលាតិចណូ)។ ចំពោះសកម្មភាពហាត់សម និងប្រកួតប្រជែង នឹងធ្វើឡើងនៅសាលមហោស្រព ក្នុងបរិវេណវិទ្យាស្ថាន បច្ចេកទេសកម្ពុជា ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ ។ ការប្រឡងនេះ មានមេប្រយោគ តំណាងប្រទេសទាំង៤ចូលរួម ។ សម្រាប់កម្ពុជា មេប្រយោគដែល នឹងចូលរួមនៅក្នុង គណៈកម្មការ មេប្រយោគគឺ លោក ឃួន សិទ្ធិសក្តិ ដែលជាអ្នកច្រៀង និងមានឯកទេសចម្រៀងជាពួក។ ចំណែក ក្រុមអ្នកប្រឡងចម្រៀងជាពួក ដែលឈ្នះការប្រកួត ពួកគេក៏ទទួលបានពានរង្វាន់ផងដែរ ៕