ព័ត៌មានជាតិ

កម្ពុជានឹងរៀបចំពិព័រណ៍ «ពន្លកបៃតង» និងចែកដើមឈើជាង១លានដើម ឲ្យពលរដ្ឋយកទៅដាំ

ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២០ ឧសភា បានលើកឡើងថា ក្រសួងបរិស្ថាន នឹងរៀបចំតាំងពិព័រណ៍ និងចែកកូនឈើ ក្រោមមូលបទ«ពន្លកបៃតង» ចាប់ពីថ្ងៃ១០-១៦ កក្កដា ខាងមុខ ដោយមានការដាក់តាំងបង្ហាញ នូវដើមឈើជាច្រើនប្រភេទ ម្រមាណជាង១លានដើម ដើម្បីចែកជូនប្រជាសហគមន៍ ដាំលើផ្ទៃដីសឹករិចរិល នៅតាមផ្លូវសាធារណៈ សាលារៀន វត្តអារាម និងតាមតំបន់ផ្សេងៗទៀត នៅក្នុងមូលដ្ឋាន រស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងប្រទេស។

បើតាមប្រសាសន៍ របស់លោកបណ្ឌិត អ៊ាង សុផល្លែត ពិព័រណ៍និងចែកកូនឈើ «ពន្លកបៃតង» គឺព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ រៀបចំឡើងស្រប តាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឲ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់ ។

ក្នុងឱកាសនេះ លោកបណ្ឌិតរដ្ឋមន្រ្តីបញ្ជាក់ថា កម្ពុជាបាននិងកំពុងមានភាពល្អប្រសើរ និងទទួលបានជោគជ័យ លើការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដោយមានអ្នកចូលរួមជាង៨លានអង្គ/នាក់ បានបេ្ដជ្ញាថា «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក» បើគិតចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មកដល់ពេលបច្ចុប្បន្ន។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបង្ហាញ នូវសុទិដ្ឋិនិយមថា ពិព័រណ៍និង ចែកកូនឈើ «ពន្លកបៃតង» នឹងសម្រេចបានជោគជ័យ បន្ថែមទៀត សម្រាប់ «ធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ»។

លើសពីនេះដែរ លោកបណ្ឌិតរដ្ឋមន្រ្តី បានប្រកាសដាំស្តារព្រៃរាប់ពាន់ហិកតា ដែលដកហូតបានកាលពីពេលថ្មីៗកន្លងមកនេះ ពីសំណាក់ជនខិលខូច លួចកាប់ ទន្រ្ទានដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ ក្នុងរដូវស្សារនាពេលខាងមុខ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងផងដែរថា ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រ ច្បាស់លាស់ ក្រោមការចង្អុលបង្ហាញ ដោយផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅ នឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ សេដ្ឋកិច្ចបៃតង និងលើក ជំរុញសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រិតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»៕

To Top