ភ្នំពេញ ៖ ថ្ងៃទី២០ឧសភា ជាទិវាជាតិនៃការចងចាំ ក្នុងនោះគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃចំនួន១០៨អង្គ ដើម្បឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្រជាពលរដ្ឋស្លូតត្រង់ ដែលបានបាត់បង់ជីវិត ដោយការកាប់សម្លាប់ ក្នុងរបបប្រល័យ ពូជសាសន៍ ៣ឆ្នាំ៨ខែ និង២០ថ្ងៃ នៅមជ្ឈមណ្ឌលប្រល័យ ពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ ដែលជាទីតាំងប្រល័យ ពូជសាសន៍ដ៏ធំមួយ នៅរាជធានីភ្នំពេញ ក្នុងចំណោមទីតាំងពិឃាដមនុស្ស ជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា ។

ពិធីនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមាន លោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការ គណបក្សរាជធានីភ្នំពេញ និងលោក កើត ឆែ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណបក្សរាជធានីភ្នំពេញ ។

២០ឧសភា បានដក់ជាប់ក្នុងបេះដូង កូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានតជំនាន់ ដល់កូនខ្មែរក្រោយៗទៀត ឲ្យបានដឹង ពីសម័យកាលឋានរក នៃរបបប្រល័យពូជសាសន៍ ដែលរាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់របបព្រៃផ្សៃនេះ មិនឲ្យកើតមានជាលើកទី២ នៅលើទឹកដីនៃមាតុភូមិកម្ពុជា និងមិនត្រូវការឲ្យរបបនេះ កើតមាននៅកន្លែងណាមួយ នៃពិភពលោកនេះដែរ។

ជីវិតមនុស្សជាង៣លាននាក់ ត្រូវបានពួកអាវខ្មៅ កាប់សម្លាប់ទាំងខ្លួនគ្មានកំហុស។ របបនេះបានបន្សល់ទុកនូវស្ត្រីមេម៉ាយ ក្មេងកំព្រាចាស់ជរាបាក់កំលាំង បង្អត់អាហារ បង្ខំឲ្យធ្វើការដូចសត្វធាតុមុន នឹងយកទៅសម្លាប់ ។ ពួកខ្មែរក្រហម បានយកប្រជាជនខ្លួនឯងធ្វើសត្រូវ ហើយបំផ្លិចបំផ្លាញ ហេដ្ឋារចនាសម្ពន្ធ័ជាតិ ដល់ចំណុចសូន្យ ។ បំបិទសិទ្ធិសេរីភាពប្រជាជន រួមទាំងជំនឿ សាសនា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារ ហូបចុកជាដើម គឺគ្មានសោះ ។ ដូច្នេះត្រូវការពារឲ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានព្រឹទ្ធសភា ជាមគ្គុទេ្ទឯក នៃសន្តិភាព និងជាស្ថាបនិកឯកនៃនយោបាយឈ្នះ ឈ្នះ ដែលបន្តអនុវត្តដោយសម្តេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។

ឆ្លៀតយកឱកាសនេះ អង្គពិធីទាំងមូល ក៏បានប្រកាសគាំទ្រ យ៉ាងឱឡារឹក ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្ត ធ្វើឲ្យបានព្រោះព្រែកជីកហ្វូណនតេជោ គឺនឹងផ្តល់ផលប្រយោជន៍ ដ៏មហាសាលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដោយលែងពឹងដង្ហើមគេដកតទៅទៀត៕






