ព័ត៌មានជាតិ

លោក ជុំ សុន្ទរី៖ ការផ្សាយរបស់ក្រសួងការទេសនានា ឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកមេខ្យល់ ជាវិធានការបង្ការទុកជាមុន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានបញ្ជាក់ថា ការផ្សព្វផ្សាយរបស់ក្រសួងការទេស និងស្ថានតំណាងរបស់ប្រទេសនានា ដើម្បីឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកមេខ្យល់ គឺជាវិធានការបង្ការទុកជាមុន ។

ការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗនេះ ក្រសួងការបរទេសឥណ្ឌា បានចេញសេចក្តីណែនាំមួយប្រាប់ឲ្យពលរដ្ឋខ្លួន ប្រុងប្រយ័ត្នចំពោះករណីមករកការងារធ្វើនៅកម្ពុជា និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្រសួងការបរទេសឥណ្ឌា ក៏បានបញ្ជាក់ថា បច្ចុប្បន្នមានជនឆបោកជាច្រើនកំពុងលួងលោម ឲ្យពលរដ្ឋខ្លួនមកធ្វើការនៅកម្ពុជា ដែលអាចធ្លាក់ក្នុងករណីឆបោកតាមប្រព័ន្ធអនឡាញ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមរយៈបណ្ដាញសង្គមតេឡេក្រាម នារសៀលថ្ងៃ២០ ឧសភា លោក ជុំ សុន្ទរី មានប្រសាសន៍ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណេត និងការជួញដូរមនុស្សបាននិងកំពុង កើតមានឡើងជាសាកល ក្នុងនោះក៏មានតំបន់អាស៊ីផងដែរ ។ ដោយនោះគឺជាបទឧក្រិដ្ឋឆ្លងដែន ដូចនេះការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនេះ ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធរវាងបណ្តាប្រទេស។

លោកបន្តថា កន្លងមកនេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិខ្មែរ ក៏បានផ្តល់កិច្ចសហការយ៉ាងល្អ ជាមួយក្រសួងការបរទេស របស់បណ្តាប្រទេសពាក់ព័ន្ធ ហើយនិងស្ថានទូតរបស់គេ ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរមានសមត្ថកិច្ច ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះ ។

លោក ជុំ សុន្ទរីលើកឡើងថា ជាក់ស្តែង ក្នុងករណីទទួលបានព័ត៌មាន ថាមានជនបរទេសរងគ្រោះ ដោយបទល្មើសទាំងនេះ ក្រសួងតែងផ្តល់ដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ច គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដួរមនុស្ស ព្រមទាំងអាជ្ញាធរដែនដី ដើម្បីចាត់វិធានកាណ៍ជួយសង្គ្រោះ និងបង្ក្រាបជាបន្តបន្ទាប់។

អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ទៀតថា កម្ពុជាក៏មានករណីពលរដ្ឋខ្លួនរងគ្រោះ ដោយការជួញដូរមនុស្សនៅតាម បណ្តាប្រទេសមួយចំនួនដូចគ្នាដែរ ហើយក្រសួង និងស្ថានតំណាងកម្ពុជាក៏តែងតែ សហការជាមួយក្រសួងការបរទេស និងអាជ្ញាធរប្រទេសទាំងនោះដើម្បីជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនជាប្រចាំ។

ដូច្នេះសរុបជារួមមក លោក ជុំ សុន្ទរី សង្កត់ធ្ងន់ថា «ការផ្សព្វផ្សាយរបស់ក្រសួងការទេស និងស្ថានតំណាងរបស់ប្រទេសនានា ដើម្បីឲ្យពលរដ្ឋខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងការចាញ់បោកមេខ្យល់ គឺជាវិធានការបង្ការទុកជាមុន មានគោលដៅអប់រំផ្សព្វផ្សាយ អំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិហើយ និងស្ថានតំណាងកម្ពុជានៅបរទេស ក៏តែងបានអនុវត្តដូចគ្នា​ដែរ ជាពិសេសចំពោះពលករចំណាកស្រុក» ៕

To Top