កំពង់ស្ពឺ ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ទឹកស្អាតបច្ចុប្បន្ន មានសភាពល្អក់កខ្វក់ បង្កការព្រួយបារម្ភ យ៉ាងខ្លាំង ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ និងភូមិមុខខេត្ត សង្កាត់រកាធំ ក្នុងក្រុងច្បារមន ទាំងមូលធ្វើការ ស្នើសុំដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីជំនាញជួយពិនិត្យមើល ក្រុមហ៊ុនទឹកស្អាតនៅក្រុងច្បារមនផង ដោយសារតែពួកគាត់ បើកប្រើប្រាស់ទឹក មានសភាពល្អក់ ដូចទឹកក្របីដេកត្រាំ ។

ប្រជាពលរដ្ឋបានបញ្ជាក់ថា ដោយមើលឃើញពីសភាព ទឹកល្អក់ កខ្វក់នេះ ពួកគាត់មានការងឿងឆ្ងល់ ហេតុអ្វីបានជាទឹកស្អាត ប្រែក្លាយជាល្អក់កខ្វក់ បែបនេះទៅវិញ ។
ពួកគាត់មិនស្តាយលុយនោះទេ ក្នុងការចំណាយប្រចាំខែ ទៅឱ្យក្រុមហ៊ុនទឹកស្អាតខេត្តកំពង់ស្ពឺ របស់លោកឧកញ៉ា អ៊ុន យុទ្ធី ដែលជាម្ចាស់ក្រុមហ៊ុនទឹកស្អាតនោះ ។ ប៉ុន្តែរយៈពេល២ថ្ងៃនេះ ទឹកល្អក់កខ្វក់ពិបាកក្នុងការប្រើប្រាស់ទឹក ដាំបាយធ្វើម្ហូប ពួកគាត់ជាប្រជាពលរដ្ឋ មិនហ៊ានប្រើប្រាស់ទឹកល្អក់កខ្វក់នោះទេ ខ្លាចប៉ះពាល់ដល់សុខភាព ។

ប្រជាពលរដ្ឋបានសំណូមពរ ដល់ថ្នាក់ដឹកនាំជាពិសេសលោកវ៉ី សំណាងអភិបាលកំពង់ស្ពឺ និងជំនាញពាក់ព័ន្ធមេត្តា ជួយពិនិត្យក្រុមហ៊ុនទឹកស្អាត ហេតុអ្វីបានជាប្រែក្លាយទៅជាទឹកល្អក់កខ្វក់ប្រើមិនកើតទៅវិញ ។

ពាក់ព័ន្ធករណីខាងលេីនេះ មជ្ឈមណ្ឌលព័ត៌មានដេីមអម្ពិល មិនអាចសុំការបំភ្លឺពី លោកឧកញ៉ាអ៊ុនយុទ្ធី ម្ចាស់ក្រុមហ៊ុនទឹកស្អាត បានទេ ដោយពុំមានលេខ ទូរស័ព្ទសម្រាប់ទំនាក់ទំនង ៕
ដោយ៖សុខសុភ័ណ្ឌ


