ភ្នំពេញ ៖ លោកគ្រូចាក់សាក់យ័ន្ត ទស្សន៍ទាយ ដោះអំពើ ឈ្មោះ រ៉េម សារ៉ុម ហៅលោកគ្រូជ័យធន់ ស្ថិតក្នុងភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានយល់ព្រមចុះកិច្ចសន្យា បញ្ឈប់ការយកវីដេអូសកម្មភាព ដែលប៉ះពាល់ដល់សីលធម៌ សណ្ដាប់ធ្នាប់សង្គម និងជំនឿ សាសនាទាំងចាស់ ទាំងថ្មីទៅបង្ហោះ ចែកចាយ នៅលើបណ្ដាញសង្គម។

ក្នុងករណីរូបលោក នៅតែបន្តបង្ហោះរូបភាពទាំងនោះទៀត នឹងទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន ។ នេះបើតាមការចេញផ្សាយ របស់ផេកទូរទស្សន៍ជាតិ នាថ្ងៃ២១ ឧសភា ។
ការសន្យាបញ្ឈប់សកម្មភាព រាល់ការបង្ហោះវីដេអូ សកម្មភាពការទស្សន៍ទាយ សាក់យ័ន្ត ស្រោចទឹក ដោះអំពើ ដែលនាំឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ សេចក្ដីថ្លៃថ្នូរសង្គម តាមរយៈបណ្ដាញសង្គមនានា ក្រោយពីលោក ទេព គង្គា ប្រធានមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរមូលដ្ឋាន បានចុះសម្របសម្រួល ដល់ទីតាំងផ្ទះលោកគ្រូចាក់សាក់យ័ន្តនេះតែម្តង ៕

