ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ស សុខា បញ្ជាឲ្យស្រាវជ្រាវជាបន្ទាន់ ករណីឧត្តមសេនីយ៍ម្នាក់ ពាក់ព័ន្ធយកថវិកា ក្នុងមួយឃុំ១លានរៀល

ភ្នំពេញ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញសង្គម ជុំវិញករណីលោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ នៅអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការយកថវិកា ក្នុងមួយឃុំចំនួន១លានរៀល ពីឃុំចំនួន១០ ក្នុងស្រុកសាមគ្គីម៉ានីជ័យ ខេត្តកំពង់ស្ពឺ លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់គោលការណ៍ដល់អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អង្កេតស្រាវជ្រាវជាបន្ទាន់។

ទទួលបានគោលការណ៍នេះ អគ្គាធិការ ក៏បានចាត់ក្រុមការងារ កោះអញ្ជើញ លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ អគ្គនាយករង នៃអគ្គនាយកដ្ឋាន សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ មកបំភ្លឺនៅអគ្គាធិការដ្ឋាន នាព្រឹកថ្ងៃទី២១ ឧសភា នេះ។

ជាលទ្ធផល លោកឧត្តមសេនីយ៍ត្រី កែវ សារ៉ាវុធ ទទួលស្គាល់ករណីនេះ និងថាពិតជាបានដឹកនាំក្រុមការងារ៧រូប ធ្វើសវនកម្មនៅខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី២៤ មេសា មកដោយប្រើមធ្យោបាយធ្វើដំណើរ រថយន្តផ្ទាល់ខ្លួនចំនួន២គ្រឿង ដោយទើបតែធ្វើសវនកម្ម បានចំនួន៤ស្រុកប៉ុណ្ណោះ។ ជានីតិវិធីបន្ត ក្រសួងមហាផ្ទៃ នឹងពិនិត្យលើករណីនេះបន្ថែមទៀត ដោយយោងលើភាពជាក់ស្ដែង និងដោយផ្អែកលើវិន័យកងកម្លាំង នគរបាលជាតិកម្ពុជា។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ លើកទឹកចិត្ត និងទទួលយកដោយការពិចារណាខ្ពស់ នូវព័ត៌មានទាំងឡាយ ដែលពាក់ព័ន្ធនឹងវិស័យស្ថិតក្រោមសមត្ថកិច្ច ជាពិសេសព័ត៌មាន អំពីករណីមិនប្រក្រតី នៃការអនុវត្តតួនាទីភារកិច្ច របស់មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ គ្រប់ថ្នាក់ ក៏ដូចជាសំណើ សំណូមពរ និងមតិយោបល់ របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ៕

To Top