ប្រទេសឥណ្ឌូនេស៊ី ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួង អញ្ជើញចូលរួមក្នុងវេទិកា ទឹកពិភពលោកលើកទី១០ ដែលប្រព្រឹត្តទៅពីថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
សូមជម្រាបថា វេទិកាទឹក ពិភពលោក បានបង្កើតឡើង ដោយក្រុមប្រឹក្សាទឹកពិភពលោក គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅក្នុងកិច្ចខិតខំប្រឹងប្រែង ជាសាកល ដើម្បីសម្រេចបាននូវការគ្រប់គ្រងទឹក ប្រកបដោយនិរន្តរភាព និងវិបុលភាពរួមគ្នា ដោយការលើកកម្ពស់កិច្ចសហការ ការច្នៃប្រឌិត និងការប្ដេជ្ញាចិត្តពីភាគី ពាក់ព័ន្ធនៅទូទាំងពិភពលោក ។ ចាប់តាំងពីឆ្នាំ១៩៩៧មក វេទិកាទឹកពិភពលោក បានប្រារព្វធ្វើឡើងរៀងរាល់៣ឆ្នាំម្តង និងបានក្លាយជាវេទិកាអន្តរជាតិ ដ៏ធំបំផុតរបស់ពិភពលោកក្នុងវិស័យទឹក ដែលមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធចម្រុះ ហើយនៅឆ្នាំ២០២៤ នេះ វេទិកាទឹកពិភពលោកលើកទី១ បានប្រព្រឹត្តទៅក្រោមមូលបទ «ទឹកដើម្បីភាពចម្រុងចម្រើនរួមគ្នា»។
លោក ចូកូ វីដូដូ ប្រធានាធិបតី នៃ សាធារណរដ្ឋឥណ្ឌូនេស៊ី បានអញ្ជើញបើកវេទិកា ទឹកពិភពលោកលើកទី១០ ដែលសហការរៀបចំដោយក្រុមប្រឹក្សា ទឹកពិភពលោកនិងប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះ និងមានការចូលរួមពីបណ្តាប្រមុខរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី អ្នកនយោបាយ អ្នកសិក្សាស្រាវជ្រាវ អាជ្ញាធរក្នុងតំបន់ អង្គការអន្តរជាតិ សង្គមស៊ីវិល និងវិស័យឯកជន ព្រមទាំងអ្នកតំណាងចូលរួមពីគ្រប់តំបន់ និងគ្រប់កម្រិត ចំនួន ១០៥ ប្រទេស សរុបប្រមាណជាង ១ម៉ឺននាក់។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ថោ ជេដ្ឋា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយដៃគូមួយចំនួនដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនានា ព្រមទាំងស្វែងរកការគាំទ្រលើការអភិវឌ្ឍវិស័យធានធានទឹក និងឧតុនិយមនៅកម្ពុជា រួមមាន៖ ១)កិច្ចពិភាក្សាទ្វេភាគី ជាមួយលោក Hon Patrick Gorman រដ្ឋមន្ត្រីជំនួយ របស់នាយករដ្ឋមន្ត្រីអូស្ត្រាលី និង ជាសមាជិកសភាតំបន់ Perth និង ២)កិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយតំណាងធនាគារ ពិភពលោក លោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោក ប្រចាំតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក និងលោក Saroj Kuma Jha នាយកផ្នែកទឹកសាកល នៃធនាគារពិភពលោក ។
គួរបញ្ជាក់ថា វេទិកាទឹកពិភពលោកលើកទី១០ ផ្តោតលើប្រធានបទ រងចំនួនប្រាំមួយ ៖ ទី១)សុវត្ថិភាពទឹក និងវិបុលភាព ទី២)ទឹកសម្រាប់មនុស្ស និងធម្មជាតិ ទី៣)ការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទី៤)កិច្ចសហប្រតិបត្តិការ និងការទូតជលសាស្រ្ត ទី៥)នវានុវត្តន៍ហិរញ្ញវត្ថុ សម្រាប់ទឹក និងទី៦)ចំណេះដឹង និងការច្នៃប្រឌិត៕