ពោធិ៍សាត់ ៖ កម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅម៉ោងប្រមាណ ជា១និង៣នាទីរសៀលថ្ងៃ២១ ឧសភានេះ បានចាប់ខ្លួន បានជនសង្ស័យម្នាក់ ជាឃាតកដែលបានកាប់សម្លាប់ស្ត្រីរងគ្រោះ ជាម្ចាស់បំណុលនៅនឹងផ្ទះរបស់ខ្លួន កាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃ១៩ ឧសភា ស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។

បើតាមរបាយការណ៍ របស់សមត្ថកិច្ចនគរបាល ជនសង្ស័យជាឃាតកមានឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ ឆ្នាំ ជនជាតិខ្មែរមុខរបរជាងដែក រស់នៅក្នុងភូមិកើតហេតុ ។ ការចាប់ខ្លួនបានជនសង្ស័យនេះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាព យកខ្វៅកាប់ទៅលើស្ត្រីរងគ្រោះ ដែលទៅទារបំណុល នៅផ្ទះរបស់ខ្លួន បណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ ក្នុងថ្លុកឈាម ហើយរូបគេក៏បានរត់គេចខ្លួន មកសំងំនៅស្រុកវាលវែង ។
បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកំពុងកសាងសំណុំ បំពេញនីតិវិធីទៅតាមផ្លូវច្បាប់ ៕


