ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យវិសាខបូជា និងឆ្លងព្រះពុទ្ធសករាជ២៥៦៧ ឈានចូល២៥៦៨ នៅក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ) ។
បុណ្យ វិសាខបូជា ជាបុណ្យមួយដ៏សំខាន់បំផុតដែលប្រទេសអ្នកកាន់ព្រះពុទ្ធសាសនា និងពុទ្ធបរិស័ទទូទាំងពិភពលោក ក៏ដូចជាកម្ពុជាដែលតែងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ បុណ្យ វិសាខបូជា ធ្វើឡើងដើម្បីរម្លឹកនឹកដល់អភិលក្ខិតសម័យទាំងបី គឺថ្ងៃដែល ព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ១៥កើត ពេញបូណ៌មី ក្នុងខែពិសាខ។ ទន្ទឹមនឹងនេះ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិ ប្រកាសទទួលស្គាល់ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ ហើយបានប្រារព្ធធ្វើនៅការិយាល័យអង្គការ សហប្រជាជាតិ ជារៀងរាល់ឆ្នាំ។
ឆ្នាំនេះ ពិធីបុណ្យវិសាខបូជា រាជរដ្ឋាភិបាលបានរៀបចំជាផ្លូវការ នៅថ្ងៃពុធ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណ ព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ(ឧដុង្គ)ដែលមានការយាងនិមន្ត និងអញ្ជើញចូលរួមពីសម្តេចព្រះសង្ឃ នាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ដោយឡែក នៅតាមបណ្ដាវត្តអារាមទូទាំងប្រទេស បានរៀបចំពិធីបុណ្យនេះព្រមៗគ្នាផងដែរ នៅពេលព្រឹកមានការបូជាទាន ផ្កាភ្ញី ធូប គ្រឿងក្រអូបព្រះរតនត្រ័យ សមាទានសីល វេរភត្ត រាប់បាត្រ ឧទ្ទិសទានជូនដល់បុព្វការីជន។ ពេលរសៀល ជួបជុំពុទ្ធបរិស័ទ ដង្ហែវិសាខបូជា បូជាទាន ផ្កាភ្ញី ធូប គ្រឿងក្រអូបព្រះរតនត្រ័យ ថ្វាយបង្គំព្រះ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា ប្រកាសវិសាខបូជា ធ្វើសមាធិ និងផ្សាយមេត្តាធម៌ រដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា ព្រះពុទ្ធសាសានា ជាសាសនារបស់រដ្ឋ (ពុទ្ធស័ករាជ ២៥៦៨ នឹងរាប់ចាប់តាំងពីថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ តទៅ)៕






