ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រគល់សិទ្ធិឲ្យលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បង្កើតច្បាប់ដាក់ទោសទណ្ឌលើជនណាដែលបំភ្លៃថា «កម្ពុជា មិនធ្លាប់មានរបបប្រល័យពូជសាសន៍»។
ការលើកឡើងរបស់សម្តេចតេជោបែបនេះ នាឱកាសអញ្ជើញជាអធិបតីបិទសន្និសីទស្ដីពី « អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ » នៅថ្ងៃ២២ ឧសភា ។
សម្តេចតេជោមានប្រសាសន៍ថា «សូមឲ្យអ្នកច្បាប់ទាំងឡាយពិចារណារួមគ្នា តើគួរមានច្បាប់កំណត់ ដើម្បីបញ្ជាក់ ព្រោះងាយស្រួលសរសេរប្រវត្តិសាស្ត្រទុកឲ្យក្មេង ។ មិនអីចឹង យើងថា ធ្វើប្រវត្តិសាស្ត្រ យើងប្រើទប់ស្កាត់របបប្រល័យពូជសាសន៍ តាមរយៈការអប់រំ មិនអីចឹង។ ក្មេងកំពុងតែរៀន វាថាមិនមែនទេ ព្រោះអ្នកនយោបាយអាក្រក់អីចឹង។ ចឹងមានតែវិធីដាក់ច្បាប់ទេ ហែងនិយាយកម្ពុជា អត់មានរបបប្រល័យពូជសាសន៍ ជាប់ទោសប៉ុន្មាន ផាកប៉ុន្មាន យើងគួរធ្វើឥឡូវប្រគល់ឲ្យរដ្ឋមន្ដ្រីយុត្តិធម៌ ខ្ញុំមិនមែននាយករដ្ឋមន្ដ្រីទេ ប៉ុន្ដែខ្ញុំមានសិទ្ធិប្រគល់»។
សម្ដេចប្រធានក៏ផ្ដល់ជាយោបល់ថា ច្បាប់នេះ ត្រូវកំណត់ថា ទាល់តែមានសំឡេង ២ភាគ៣ នៃចំនួនអាសនៈរដ្ឋសភា ទើបអាចកែច្បាប់នេះបាន ដើម្បីកុំឲ្យអ្នកដឹកនាំជំនាន់ថ្មីងាយកែច្បាប់នេះ។
អតីតនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានលើកជាចម្ងល់ដែរថា សាលក្រមតុលាការបានចេញរួចហើយថា កម្ពុជាមានរបបប្រល័យពូជសាសន៍ ប៉ុន្តែបែរជាមានអ្នកខ្លះថា គ្មានរបបប្រល័យពូជសាសន៍ទៅវិញ។
សម្តេចតេជោក៏បានលើកឡើងថា ការស្នើនេះមិនមែនជាការបំផុសស្មារតីលើការគៀបសង្កត់លើកការបញ្ចេញមតិនោះទេ ក៏ប៉ុន្តែកម្ពុជាមានរឿងអាក្រក់ ដោយម្ខាងថ្កោល ទោសខ្មែរក្រហម ហើយម្ខាងទៀតថ្កោលទោសអ្នកវាយផ្តួលរំលំរបបខ្មែរក្រហមផងដែរ។
សម្តេចប្រធានព្រឹទ្ធសភាបានលើកឡើងទៀតថា បើមិនមានច្បាប់ទេ គឺនៅតែមានអ្នកនិយាយច្រំដែលៗ ដូច្នេះគួរតែមានច្បាប់ ដាក់ទោសលើអ្នកនិយាយ ថាគ្មានអំពើប្រល័យពូជសាសន៍ ៕