ព័ត៌មានជាតិ

សម្តេចតេជោ រំលឹកបរទេស កុំឲ្យកសាងកំហុសទី៣មកកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា គ្រប់ជំនួបជាមួយអ្នកការទូត ឬអ្នកនយោបាយនៃបណ្ដាប្រទេសមួយចំនួន សម្តេចតែងតែរំលឹកពួកគេ កុំឲ្យកសាងកំហុសលើកទី៣ លើកម្ពុជា ព្រោះពួកគេធ្លាប់កសាងកំហុស ២លើករួចមកហើយ ។

ក្នុងឱកាសអញ្ជើញបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍» នាថ្ងៃ២២ ឧសភា សម្ដេចតេជោ មានប្រសាសន៍ថា ពីកំហុសទាំង២លើក ដែលបរទេសបង្កើតឡើងលើដីកម្ពុជារួមមាន៖ ទី១.បរទេសគាំទ្ររដ្ឋប្រហារទម្លាក់សម្ដេច សីហនុ រហូតឈានមានសង្គ្រាមប្រល័យពូជសាសន៍ និងទី២.ការគាំទ្ររបស់បរទេសដល់អាសនៈរបស់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិ រយៈពេល១២ឆ្នាំ ហើយមកធ្វើបាបអ្នកដែលប្រឹងប្រែង រស់ងើបចេញពីរបបខ្មែរក្រហម។

សម្តេចតេជោបន្តថា «ខ្ញុំគួរតែបញ្ជាក់ចំណុចនេះ ខ្ញុំតែងបានជួបជាមួយអ្នកកាទូត ឬអ្នកនយោបាយនៃប្រទេសមួយចំនួន ខ្ញុំតែងរំលឹកពួកគេថា សូមអ្នកកុំកសាងកំហុសទី៣ ព្រោះពួកអ្នកធ្លាប់បានកសាងកំហុស២លើករួចមកហើយ។ លើកទី១ ជាអ្វី អស់លោកគិតមើលតើមានប្រទេសប៉ុន្មានទៅដែលបានគាំទ្រ លន់ នល់ ធ្វើរដ្ឋប្រហារ ក្នុងពេលដែលគេតាំងខ្លួនជាអ្នកប្រជាធិបតេយ្យ គេធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះនរោត្តម សីហនុ ជារដ្ឋប្រហារយោធា ក្នុងពេលដែលគេតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ»។

សម្តេចតេជោ មានប្រសាសន៍បន្ថែមថា បើអន្តរជាតិប្រកាន់យកឥរិយាបថដាក់ទណ្ឌកម្មលើពួករបប លន់ នល់ ដូចធ្វើដាក់របបយោធារបស់មីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន ប្រហែលជាកម្ពុជា មិនធ្លាក់ដល់ដៃពួកខ្មែរក្រហមកាន់កាប់អំណាច រហូតសម្លាប់អាយុជីវិតប្រជាជនស្លូតត្រង់ រាប់លាននាក់នោះទេ។

សម្តេចតេជោន គូសបញ្ជាក់ថា «ការទទួលស្គាល់ឲ្យខ្មែរក្រហមអង្គុយ១២ឆ្នាំ នៅអង្គការសហប្រជាជាតិហើយមកដាក់ទណ្ឌកម្ម អ្នកដែលបានប្រឹងប្រែងងើបឡើង ដើម្បីប្រឆាំង ប៉ុល ពត ស៊ីអត់ ស៊ីឃ្លាននៅទីនេះ អីចឹងសូមកុំសាងកំហុសលើកទី៣ ចំពោះកម្ពុជា ព្រោះអ្នកបានកសាងកំហុស២លើករួចមក ហើយចំពោះកម្ពុជា»។

សម្តេចតេជោថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវប្រកាន់ខ្ជាប់នូវការប្រុងប្រយ័ត្នខ្ពស់ ដោយមិនអនុញ្ញាតឲ្យមានសមាសភាពណាមួយក្នុងសង្គមបណ្តុះពន្លកនៃវប្បធម៌នយោបាយជ្រុលនិយម ម្តងទៀតបានឡើយ តាមរយៈការសាបព្រួសមនោគមន៍វិជ្ជា និងការជំរុញចលនាតស៊ូវណ្ណៈ ការស្អប់ខ្ពើមប្រឆាំងនឹងអាជ្ញាធរស្របច្បាប់ ការប៉ុនប៉ងផ្លាស់ប្តូរដែលផ្ទុយនឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងការរើសអើងពូជសាសន៍ឡើយ ៕

To Top