ព័ត៌មានជាតិ

សម្តេចធិបតី បញ្ជាគ្រប់អភិបាលរាជធានី -ខេត្ត ចាត់វិធានការ គ្រប់គ្រងឲ្យបាន ចំពោះក្មេងទំនើង ពិសេសក្រុមកាន់ដាវសាម៉ូរ៉ៃ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាឲ្យគ្រប់អភិបាលរាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវរឹតបណ្ដឹង និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមក្មេងទំនើងកាន់ដាវសាម៉ូរ៉ៃ ។

ការចេញបញ្ជាពីនាយករដ្ឋមន្រ្តីនេះ ដោយសារសម្តេច បានឃើញក្រុមក្មេងទំនើង ជាពិសេសក្រុមក្មេងៗបានយកដាវសាម៉ូរ៉ៃ ដេញកាប់គ្នាយ៉ាងសាហាវព្រៃផ្សៃ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យ៉ាងអាណាធិបតេយ្យពេក ដូច្នេះដើម្បីគ្រប់គ្រង ឲ្យបានត្រូវតែរួមគ្នាសហការ ។ នេះជាប្រសាសន៍ របស់សម្តេច នាឱកាសអញ្ជើញជាអធិបតី ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះ ទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃ២៣ ឧសភា ។

សម្តេចធិបតីបន្តថា អាជ្ញាធររាជធានី -ខេត្តទំាងអស់ ត្រូវរឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង ដោយត្រូវចាត់វិធានការ ឲ្យបានទាន់ពេលវេលា មិនត្រូវលើកលែងឡើយ។

សម្ដេចធិបតីបញ្ជាក់ថា «រឿងបងធំ បងតូច កាប់គ្នាច្រើនណាស់ សូមឲ្យពង្រឹងកិច្ចការងារនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំសូមចេញបញ្ជាទៅអភិបាល រាជធានី-ខេត្ត ទាំងអស់ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ត្រូវរឹតបណ្ដឹងការចាត់វិធានការ ឲ្យបានម៉ឺងម៉ាតបំផុត ចំពោះក្រុមក្មេងទំនើង ជាពិសេសក្រុមដាវសាម៉ូរ៉ៃ កាប់គ្នាប៉ុន្មានថ្ងៃនេះ នៅភ្នំពេញ»។

សម្តេចធិបតីក៏បានផ្តាំទៅគ្រប់អភិបាលរាជធានី-ខេត្តទៀតថា បើអភិបាលរាជធានី-ខេត្តបញ្ជាទៅហើយ ធ្វើបងធំអត់បែកផង ដូច្នេះមានន័យថា “បងធំ ខ្លាំងជាងអភិបាលខេត្ត”ទៀត ។

សម្ដេចធិបតីសង្កត់ធ្ងន់ថា ត្រូវធ្វើឲ្យម៉ឺងម៉ាត ចំពោះក្រុមក្មេងទំនើង ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ គ្មានការលើកលែងឡើយ ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ សន្ដិសុខសង្គម ត្រូវតែអនុវត្តឲ្យបានម៉ឹងម៉ាត់បំផុត ទៅតាមច្បាប់ជាធរមាន។

សម្តេចក៏បានបង្ហាញ ក្តីសង្ឃឹមចំពោះគ្រប់អភិបាលរាជធានី-ខេត្តថា នឹងគ្រប់គ្រងករណីនេះឲ្យបាន ដើម្បីភូមិ-ឃុំ មានសុវត្ថិភាពទាំងអស់គ្នា ព្រោះសន្ដិសុខសង្គម សុវត្ថិភាព ភូមិ ឃុំ សង្កាត់ គឺជាគោលដៅអាទិភាព ចំបងរបស់រាជរដ្ឋាភិបាល ។

សម្រាប់ករណីដាវសាម៉ូរ៉ៃនេះដែរ សម្តេចធិបតី ក៏កំពុងឲ្យលោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ពិនិត្យលើការបង្កើតច្បាប់គ្រប់គ្រងដាវសាម៉ូរ៉ៃ ។

សម្តេចធិបតីមានប្រសាសន៍ថា «ខ្ញុំ កំពុងឲ្យខាងច្បាប់ ក្រសួងយុត្តិធម៌ ពិនិត្យមើលអារឿងដាក់ដាវសាម៉ូរ៉ៃ។ ព្រោះប្រជាពលរដ្ឋនៅតាមស្រុកស្រែ ទៅធ្វើការងារ នៅចំការ។ តែនៅភ្នំពេញយកដាវសាម៉ូរ៉ៃ មកធ្វើអី ទៅកាប់ឈូកឬអី? ក្មេងៗ ទៅរៀនដាវសាម៉ូរ៉ៃ ដាក់ទៅធ្វើអីការពារ យកល្អ កុំឲ្យមានទាំងអស់គ្នា»។

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ក៏អំពាវនាវដល់ស្ថាប័នតុលាការ យកចិត្តទុកដាក់ក្នុងការ អនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ចំពោះករណីក្រុមក្មេងទំនើង៕

To Top