ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់ ស្រាល ១១គ្រួសារ នៅស្រុកបាធាយ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្តកំពង់ចាម បានចាត់ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍ ដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់កម្រិតធ្ងន់- ស្រាល សរុប ១១ គ្រួសារ រស់នៅក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ស្រុកបាធាយ ។

សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នោះ បានកើតឡើង កាលពីម៉ោង ៤ រសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤  ដែលពេលនោះ មានខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ១១ខ្នង ក្នុងភូមិស្វាយព្រៃ ឃុំសណ្តែក ត្រូវរងការខូចខាត របើកសង្កសី និងរបើកក្បឿង ក្នុងនេះ មានផ្ទះ ៣ខ្នង រងការខូចខាត កម្រិតធ្ងន់ ត្រូវខ្យល់កន្ត្រាក់ គួចបំប៉ើងដំបូលធ្លាក់ដល់ដី និងផ្ទះ ៨ខ្នងទៀត រងការខុចខាតកម្រិតស្រាល ប៉ុន្តែ មិនបានប៉ះពាល់ដល់ជីវិត ប្រជាពលរដ្ឋនោះទេ ។

ស្ថិតក្នុងឱកាសនោះដែរ លោកស្រី ប៉ាង ដានី បានចូលរួមសម្តែង ការសោកស្តាយ ជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយ ធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ លោកស្រី បានពាំនាំនូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា និងលោក សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់ គិតគូរចំពោះសុខទុក្ខ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយលោក តែងបានចាត់តំណាងឲ្យចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា  តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ”  ។

លោកស្រី អនុប្រធានអចិន្ត្រៃយ៍សាខា  បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ម្យ៉ាងទៀត ត្រូវខិតខំបង្កើនមុខរបរចិញ្ចឹមជីវិត ប្រឹងសន្សំលុយកាក់ ដើម្បីស្តារជួសជុល ផ្ទះស្នាក់នៅឡើងវិញ ។

ក្នុងការរស់នៅ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព អោយបានល្អ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” និង សូមចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងអាកាសធាតុ ដែលកំពុងប្រែប្រួលកើនកម្តៅយ៉ាងខ្លាំងផងដែរ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនប្រជាពលរដ្ឋនាពេលនោញមានដូចជ ៖ ពលរដ្ឋរងគ្រោះ កម្រិតធ្ងន់ទាំង ៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន ថវិកា ៤០០,០០០ រៀល ។ ដោយឡែក ពលរដ្ឋរងផលប៉ះពាល កម្រិតស្រាល ក្នុង ១គ្រួសារ ទទួលបាន ថវិកា ១០០,០០០ រៀល ៕

To Top