ភ្នំពេញ ៖ លោក មាស កុសល ពីកូនកសិករមកពីខេត្តកំពត រៀនសូត្រ ទាំងត្រដាបត្រដួស នៅរាជធានីភ្នំពេញ បានក្លាយជាវិស្វករអគ្គិសនី ដ៏ជំនាញ ដែលទីផ្សារកំពុងត្រូវប៉ាន់ ក្រោយពីបានបញ្ចប់ជំនាញ បច្ចេកទេសអគ្គិសនី នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា(NPIC) ។

លោក កុសល ដែលធ្លាប់ដើររកត្រី សម្រាប់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ អំឡុងសិក្សារៀនសូត្រ ដោយសារតែគ្រួសារក្រីក្រ គ្មានលទ្ធភាពនោះ បច្ចុប្បន្ន បានក្លាយជាវិស្វករអគ្គិសនី នៅក្រុមហ៊ុន Meng Brother ដោយទទួលបានប្រាក់បៀវត្សន៍ ខ្ពស់គួរសម ។

លោកគូសបញ្ជាក់ ពីមូលហេតុ ដែលធ្វើ ឲ្យលោកជ្រើសរើស ជំនាញអគ្គិសនី គឺដោយសារតែលោក មានចិត្តស្រលាញ់ និងមើលឃើញ ពីឱកាស នៃមុខជំនាញមួយនេះ ។ ដោយលោកសង្កត់ធ្ងន់ថា ជំនាញនេះ មិនត្រឹមជាជំនាញ ដែលកំពុងមានតម្រូវការទីផ្សារខ្ពស់ និងទទួលបានប្រាក់ចំណូលសមរម្យ ប៉ុណ្ណោះទេ ថែមទាំងទទួល បានឱកាសច្រើនថែមទៀតផង ។ បន្ថែមលើនេះ លោក កុសល ក៏បានអំពាវនាវឲ្យយុវជនដទៃ ចាប់យកឱកាសក្នុងការជ្រើស រើសមុខជំនាញណាមួយ ដែលខ្លួនស្រលាញ់ពេញចិត្ត ៕



