ភ្នំពេញ ៖ លោក Saito TETSUO រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ នឹងជំរុញភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោង លើកកម្ពស់កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ឱ្យបានកាន់តែឆាប់រហ័ស។

ការលើកឡើងរបស់ លោក Saito TETSUO ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅប្រទេសជប៉ុន ក្នុងឱកាស លោកឧបនាយករដ្ឋមន្ដ្រី អញ្ជើញចូលរួមជាតំណាង ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងវេទិកាអន្តរអនាគតអាស៊ី លើកទី២៩ ។
ក្នុងឱកាសជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណទៅកាន់មិត្តជប៉ុន ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការកសាងសង្គមសេដ្ឋកិច្ចកម្ពុជា និងការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងនៅដើមអាណត្តិទី៧នេះផងដែរ រាជរដ្ឋាភិបាល បានធ្វើការសម្ពោធ និងបើកការដ្ឋានដែលជាជំនួយ របស់មិត្តជប៉ុនជាបន្តបន្ទាប់រួមមាន ផ្លូវជាតិលេខ៥ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក និងគម្រោងបើកការដ្ឋាន លើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ដំណាក់កាលទី២ ជំហានទី១។

ឆ្លៀតក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរ ឱ្យភាគីជប៉ុនជួយពន្លឿនការអនុវត្ត គម្រោងលើកកម្ពស់កំពង់ផែក្រុងព្រះសីហនុ ឱ្យបានទាន់ពេលវេលា និងជំរុញគម្រោងការសិក្សាធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីកនៅឆ្នាំ២០៥០ ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចកម្ពុជា ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ នឹងជំរុញឱ្យភាគីពាក់ព័ន្ធ ពន្លឿនការអនុវត្តគម្រោង លើកកម្ពស់កំពង់ផែស្វយ័តក្រុងព្រះសីហនុនេះ ឱ្យបានកាន់តែឆាប់រហ័ស ដើម្បីធានាបានថាគម្រោងការនេះ នឹងអាចបញ្ចប់តាមផែនការ ដែលបានគ្រោងទុក។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានបង្ហាញ នូវការតាំងចិត្តថា នឹងស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យលើសំណើ គម្រោងសិក្សាផែនការមេធ្វើឱ្យកំពង់ផែក្រុងព្រះសីហនុ ក្លាយជាកំពង់ផែតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក នៅឆ្នាំ២០៥០ ឱ្យបានកាន់តែឆាប់រហ័ស សំដៅអាចឱ្យការសិក្សាគម្រោងនេះ អាចចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខនេះ ៕
