ភ្នំពេញ ៖ កម្មករោងចក្រដាលីDALI GARMENT INTERNATIONAL (CAMBODIA) LIMITED ទាំង១១៩២នាក់ បានចូលធ្វើការធម្មតាវិញហើយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បន្ទាប់ពីមានកិច្ចសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីរោងចក្រកាលពីថ្ងៃពុធ ទី២២ ខែឧសភា ឆ្នាំ២០២៤ម្សិលមិញ ក្រោយការឆេះអគារមួយ របស់រោងចក្រ ។

គួរំលឹកថា នៅម៉ោង ១២៖០០ រំលងអធ្រាត្រចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤មានករណីអគ្គិភ័យឆេះ អាគារមួយរបស់រោងចក្រ ដែលជាអគារឃ្លាំងផលិតកម្ម ឃ្លាំងស្តុកវត្ថុធាតុដើម និងផលិតផលសម្រេច នៃរោងចក្រDALI GARMENT INTERNATIONAL (CAMBODIA) LIMITED (សាខាទី១) ស្ថិតនៅតាមផ្លូវជាតិលេខ៤ ភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

អគ្គិភ័យនេះមិនបង្កឱ្យមានរបួស ឬស្លាប់មនុស្សទេ ដោយសារបានកើតឡើង នៅពេលយប់ និងមិនមានកម្មករនៅធ្វើការ ប៉ុន្តែអគ្គិភ័យនេះធ្វើឱ្យប៉ះពាល់ ដោយផ្ទាល់ដល់បងប្អូនកម្មករ និយោជិត១០៧នាក់ ក្នុងចំណោមកម្មករទាំងអស់ ។

បើទោះបីជារងការខូចខាត ដោយអគ្គិភ័យមែន ប៉ុន្តែរោងចក្រទាំងអស់ នៅតែបន្តបើកប្រាក់ឈ្នួលជាធម្មតា និងប្រាក់អត្ថប្រយោជន៍ធម្មតា ជូនកម្មករនិយោជិត ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានចេញផ្សាយកាលពីថ្ងៃទី២២ ខែឧសភា ម្សិលមិញ ៕







