ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បញ្ជាក់ពីការអនុវត្តច្បាប់ នៅកាស៊ីណូ ជីន ប៉ី បួន

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ បញ្ជាក់ពីការអនុវត្តច្បាប់ នៅកាស៊ីណូ ជីន ប៉ី បួន ក្រោយពីមានការផ្សព្វផ្សាយនានា ថាមាការផ្ទុះអាវុធ។

ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា
កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីទទួល បានព័ត៌មានពីHOTLINE របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ស្ដីពីករណី “ជនបរទេសប្រមូលផ្តុំគ្នា មិនព្រមចូលធ្វើការ” នៅចំណុចកាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅសង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ នៅវេលាម៉ោង ២០ និង១០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅដល់ទីតាំងខាងលើឃើញថា មានអាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក CGMC ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ចេញដោយគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា មានសុពលភាព ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។

ក្រុមការងារ បានពិនិត្យឃើញជនបរទេស កំពុងផ្តុំគ្នា នៅទីលានតារាងបាល់បោះ ក្នុងទីតាំងកាស៊ីណូចំនួន ៥៧នាក់ (ឥណ្ឌា ៥៥នាក់ និងនេប៉ាល់ ០២នាក់) ក្នុងនោះ ៖ ជនបរទេសមានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន ៤៩នាក់ (ឥណ្ឌា ៤៧នាក់ និងនេប៉ាល់ ០២នាក់) , ជនបរទេសគ្មានលិខិតឆ្លងដែនជាប់ខ្លួន ចំនួន ០៨នាក់ (ឥណ្ឌា) ។

ក្រោយពីត្រួតពិនិត្យ និងស្តាប់ការបំភ្លឺរបស់ជនបរទេសខាងលើ បានឱ្យដឹងថា៖ ដោយសារមិនពេញចិត្តនឹងការងារ និងចង់ត្រឡប់ទៅប្រទេសកំណើតវិញ ទើបពួកគេនាំគ្នាប្រមូលផ្តុំមិនព្រមចូលធ្វើការ។ ពាក់ព័ន្ធករណីខាងលើ ក្រុមការងារ បានសម្រេចធ្វើការនាំខ្លួនជនបរទេសចំនួន ៥៧នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរបន្ថែម។

នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការឯកភាពគ្នា ក្រុមការងារ បានធ្វើការសម្របសម្រួលបញ្ជូនជនបរទេសទាំង ៥៧នាក់ ខាងលើ ទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ (នៅរាជធានីភ្នំពេញ) ដើម្បីបន្តនីតិវិធី។

ជាមួយយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បន្ថែមថា មិនមានករណីផ្ទុះអាវុធ រឺបង្កហិង្សា ដូចសារពត៍មានជាតិ និងអន្តរជាតិមួយចំនួន ផ្សាយនោះទេ៕

To Top