ភ្នំពេញ៖ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក គួច សុមាន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការងារលើកទី៤ នៃប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ស្តីពីចល័តភាពរបបសន្តិសុខ សង្គមសម្រាប់ទេសន្តរប្រវេសន៍ករក្នុងប្រទេស” ។

កិច្ចប្រជុំនេះធ្វើឡើង តាមរយៈប្រព័ន្ធវីដេអូ លោកស្រី បាយខាំ ខាត់ធីយ៉ា រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងមានការចូលរួមពីគណៈប្រតិភូជាន់ខ្ពស់ពីប្រទេសCLMTV ។

ជាលទ្ធផល អង្គប្រជុំ បានអនុម័ត នូវសេចក្តីថ្លែងការណ៍រួមស្តីពី“ ចល័តភាពរបបសន្តិសុខ សង្គម សម្រាប់ទេសន្តរប្រវេសន៍ ករក្នុងប្រទេស” ដោយបង្ហាញពីការប្តេជ្ញាចិត្តរបស់បណ្តា ប្រទេសជាសមាជិកក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងសុខដុមនីយកម្មគោលនយោបាយ ក្នុងការដោះស្រាយបញ្ហា ប្រឈមទាក់ទងនឹង ទេសន្តរប្រវេសន៍ការងារ ជាពិសេសការ ធ្វើចល័តភាព នៃរបបសន្តិសុខ សង្គមសម្រាប់ទេសន្តរប្រវេសនករ តាមរយៈការចរចានិង បង្កើតកិច្ចព្រមព្រៀងទ្វេភាគី ឬពហុភាគីនិងយន្តការផ្សេងទៀត ។
បន្ថែមពីនេះ អង្គប្រជុំ បានឯកភាពជូនប្រទេសថៃ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ CLMTV សម្រាប់ឆ្នាំ២០២៥៕







