ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយុវជនចំនួន ៨នាក់ នៃក្រុមចាក់ស្លុយ ដោយដកហូតបានដាវ កាំបិត និងគ្រឿងញៀន នៅចំណុចផ្លូវរថភ្លើង ក្នុងភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទទួលគោកវេលាម៉ោង ១២ និង១៧នាទីរំលងអធ្រាត្រថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានកំណត់នូវមុខសញ្ញាជាបន្តបន្ទាប់ផងដែរ ក្នុងមូលដ្ឋានខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងប្តេជ្ញាយ៉ាងមុតមាំ ចាត់គ្រប់វិធានការជំនាញ និងវិធានការច្បាប់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់សកម្មភាពក្មេងទំនើងឲ្យបានម៉ឺងម៉ាត់ និងហ្មត់ចត់បំផុត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ស្របតាមគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” និងអនុសាសន៍ដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឲ្យទទួលបានជោគជ័យ ដោយមិនមានករណីលើកលែងនោះទេ៕

