ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ឧសភា ២០២៤ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានប្រារព្ធពិធីប្រគល់ទទួល និងសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ “អគារចុះឈ្មោះ និងបន្ទប់រង់ចាំបរិច្ចាគឈាម” ដែលជាគម្រោងឧបត្ថម្ភគាំទ្រ របស់មូលនិធិ ២៥រៀល ជូនមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រោមវត្តមាន នៃការអញ្ជើញ ចូលរួមពីសំណាក់ លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល និងលោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិ ក្រុមហ៊ុនវីតាល់ រួមជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក្រុមគ្រូពេទ្យ បុគ្គលិក វីតាល់ សិស្សានុសិស្ស និងសប្បុរសជន ប្រមាណ ២០០នាក់។
អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលបានសម្ពោធដាក់ឱ្យប្រើប្រាសនេះពេលនេះ គឺជាគម្រោងជំនួយឧបត្ថម្ភរបស់មូលនិធិ ២៥រៀល វីតាល់ ក្នុងការជួយសម្រួល ដល់ការចង្អៀតណែន នៃកន្លែងចុះឈ្មោះ និងបន្ទប់រងចាំចាស់ របស់មជ្ឍមណ្ឌល ដោយប្តូរមកជាបន្ទប់ ដាច់ដោយឡែត ប្រកបដោយផាសុខភាព និងចូលរួមកាត់ បន្ថយ ការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើង មួយកម្រិតទៀត ជូនដល់សប្បុរសជន ដែលអញ្ជើញ មកបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាម។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានមានប្រសាសន៍ថា ការចូលរួមរបស់ឧបត្ថម្ភគាំទ្រ របស់មូលនិធិ២៥រៀល វីតាល់ នេះពិតជាឆ្លើយតប នឹងតម្រូវការជាក់ស្តែង របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងការចង់បាននូវបន្ទប់ដាច់ ដោយឡែកសម្រាប់ការរងចាំ និងកន្លែងចុះឈ្មោះរបស់ សប្បុរសជនដែលអញ្ជើញ មកបរិច្ចាគឈាម អគារនេះ ពិតជាជួយសម្រួលបានច្រើន ដល់ប្រតិបត្តិការប្រចាំថ្ងៃ របស់មជ្ឈមណ្ឌល ក្នុងការទទួល ស្វាគមន៍អ្នកអញ្ជើញ មកបរិច្ចាគឈាម បានទូលាយជាងមុន មានផាសុខភាព និង ដាច់ដោយឡែកទៅនឹង កន្លែងបរិច្ចាគ ឈាមតែម្តង ។ បន្ថែមពីនេះលោកប្រធាន ក៏បានថ្លែងអំណរគុណដល់ វីតាល់ ដែលបានបន្តចូលរួមគាំទ្រ និងបំពេញបន្ថែមជានិច្ចនូវរាល់ តម្រូវការចាំបាច់ និងការស្នើសុំរបស់មជ្ឍមណ្ឌលជាតិ ផ្តល់ឈាមប្រមាណ ជាង១០ឆ្នាំរួចមកហើយ។
លោកស្រី ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានមានប្រសាសន៍ថា ដោយមើលឃើញ ពីភាពចាំបាច់ ក្នុងការឆ្លើយតបទៅនឹងចំនួនកើនឡើង នៃអ្នកបរិច្ចាគឈាមផ្ទាល់ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម វីតាល់ និងមូលនិធិ២៥រៀល បានឯកភាពជាមួយសំណើរ របស់មជ្ឈមណ្ឌល ក្នុងការផ្តល់ ជំនួយឧបត្ថម្ភគាំទ្រ ដល់ការរៀបចំអគារ ចុះឈ្មោះ និង បន្ទប់រង់ចាំដ៏ថ្មីស្រឡាង ជាមួយបរិក្ខារប្រើប្រាស់ជាច្រើន ដើម្បីបង្កើនប្រសិទ្ធភាពសេវាកម្ម របស់មជ្ឈមណ្ឌល កាន់តែល្អប្រសើរ ជាមួយក្តីសង្ឍឹមជឿជាក់ថា អគារចុះឈ្មោះ និងបន្ទប់រង់ចាំ នេះនឹងទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ប្រកបដោយផាសុកភាព ដល់អ្នកបរិច្ចាគឈាម និងចូលរួមកាត់បន្ថយការកក់ស្ទះ នៃការរងចាំ បានកាន់តែប្រសើរឡើង មួយកម្រិតទៀត ។
លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការឧបត្ថម្ភគាំទ្រ របស់មូលនិធិ២៥រៀល វីតាល់ ក្នុងការចូលរួមរៀបចំ អគារចុះឈ្មោះ និងកន្លែងរង់ចាំថ្មីមួយ សម្រាប់ជាប្រយោជន៍ ដល់សាធារណៈជនដែលអញ្ជើញ មកមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ដែលនេះជាកាយវិការ និងគម្រូដ៏ល្អ ដែលវីតាល់ ជាវិស័យឯកជនបានចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការពង្រឹងនូវគុណភាពសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង ។
ឆ្លៀតក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់សាធារណៈជន ក្រុមហ៊ុន សហគ្រាស ស្ថាប័នរដ្ឋ និងឯកជន សូមបន្តចូលរួមរៀបចំកម្មវិធីផ្ដល់ឈាម នៅតាមទីតាំងរបស់ខ្លួន ឬ អញ្ជើញមកទីនេះ ឱ្យបានយ៉ាងតិចម្តងដើម្បីទាំងអស់ ជាចំណែក នៃការចូលរួមបំពេញបន្ថែមនូវសន្និធិឈាមសុវត្ថិភាព សម្រាប់ផ្តល់ជូនមន្ទីរពេទ្យ ក្នុងការសង្គ្រោះជីវិតអ្នកជំងឺ ដែលត្រូវការឈាមជាចាំបាច់។
គួរបញ្ជាក់ផងដែរថាសមទ្ធិផល អគារចុះឈ្មោះ និង បន្ទប់រង់ចាំ នៃមជ្ឈមណ្ឌលជាតិផ្តល់ឈាម ដែលបន្ទប់ទាំងមូល បានរៀបចំឡើង ដោយបំពាក់ នូវបរិក្ខារទំនើប ម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារឹម ផ្ទាំងការពារកម្តៅ ផ្ទាំងគំនូរ និងបដាផ្ដល់ ព័ត៌មាននានា ប្រកបដោយសោភ័ណភាពជាមួយខ្លឹមសារអប់រំ អនុលោមតាមខ្លឹមសាររបស់ក្រសួងសុខាភិបាល នេះត្រូវបានរៀបចំឡើង ដោយប្រើប្រាស់នូវកញ្ចប់ថវិការបស់មូលនិធិ២៥រៀល វីតាល់ ដែលជាការបរិច្ចាគកើតចេញ ពីទឹកចិត្តរបស់អ្នកប្រើប្រាស់វីតាល់ ដោយគ្រប់ដបៗ នៃទឹកពិសាវីតាល់ អតិថិជនអ្នកប្រើប្រាស់បានបរិច្ចាគប្រាក់ចំនួន២៥រៀល ចូលក្នុងមូលនិធិ ដោយថវិកាទាំងអស់នោះត្រូវបានយកមកប្រើប្រាស់ សម្រាប់ការរៀបចំសកម្មភាព សង្គមនានារួមទាំងសកម្មភាពថ្ងៃនេះផងដែរ ៕