ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) ទៅកាន់ប្រទេសសិង្ហបុរី ដើម្បីពង្រឹង ការអភិវឌ្ឍធនធានមនុស្ស រវាងប្រទេសប្រទេសទាំងពីរ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ។ ជាដំណើរទស្សនកិច្ច ដែលធ្វើឡើងតបតាមការអញ្ជើញ របស់ប្រមុខការទូតសិង្ហបុរី។

ក្នុងអំឡុងបំពេញទស្សនកិច្ចនោះដែរ លោករដ្ឋមន្រ្តី បានជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីសិង្ហបុរីសំខាន់ៗចំនួនបីក្រសួង រួមមាន៖ លោកបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីក្រសួងការបរទេស លោក Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ និងលោកបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងការងារ។

ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ច សហប្រតិបត្តិការផ្នែកការងារ ផ្នែកអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងារ របស់កម្មករនិយោជិត ។

ក្រៅពីនេះ លោក ហេង សួរ ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌល Temasek Polytechnic-HRG Robotic Innovation Centre(RIC) របស់សិង្ហបុរីផងដែរ ៕






