ភ្នំពេញ៖ កម្ពុជា និងអូស្ត្រាលី បានពិភាក្សាអំពីមធ្យោបាយនានា ដើម្បីជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ តាមរយៈកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស ដែលទើបបានចុះហត្ថលេខា នាពេលថ្មីៗនេះរវាងប្រទេសទាំងពីរ ។

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ប្រាក់ ងួនហុង រដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Caroline Linke, Assistant Secretary នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ដ្រាលី ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនានា រួមទាំងវិស័យសន្ដិសុខ និងការពារជាតិ ។

បន្ថែមពីលើនេះ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញ នូវការប្ដេជ្ញាចិត្តក្នុងការពង្រឹង បន្ថែមនូវទំនាក់ទំនងទ្វេភាគី និងការផ្ដល់ការគាំទ្រគ្នានៅលើឆាកអន្ដរជាតិ ហើយក៏បានផ្លាស់ប្ដូរទស្សនៈលើបញ្ហាតំបន់ និងអន្ដរជាតិ ដែលជាក្ដីកង្វល់រួម ផងដែរ ៕


