ព័ត៌មានជាតិ

មន្ត្រីរាជការ និងក្រុមយុវនខេត្តកំពង់ស្ពឺ ធ្វើយុទ្ធនាការផ្សព្វផ្សាយ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដើម្បីបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក

កំពង់ស្ពឺ៖ យើងគ្រប់គ្នា ប្តេជ្ញាមិនប្រើប្រាស់ថង់ប្លាស្ទិក នោះយើងនឹងមានបរិស្ថានស្អាត ប្រទេសស្អាត និងការរស់នៅក៏ស្អាត នោះយើងម្នាក់ៗនឹងមានសុខភាពល្អ។ នេះជាការលើកឡើងរបស់ ក្រុមយុវជនក្រុងច្បារមនក្នុងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដែលដឹកនាំធ្វើដោយមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ចូលរួមពីបណ្តាមន្ត្រីរាជការ នៃមន្ទីរអង្គភាពពាក់ពន្ធ័ជុំវិញខេត្ត ក្រុង ស្រុក ប្រជាការពារ សណ្តាប់ធ្នាប់ក្រុង និងយុវជន ស.ស.យ.ក។

លោក ចាន់ថេត ថានរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា យើងទាំងអស់គ្នាត្រូវតែនាំគ្នាប្តូរឥរិយាបថ បញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ពីព្រោះថាថង់ប្លាស្ទិកបាន បង្កផលប៉ះពាល់ដល់យើងរាប់រយឆ្នាំ និយាយជារួមគឺយូរអង្វែងណាស់ យើងត្រូវចាប់ផ្តើមពីពេលនេះទៅ ទើបយើងទទួលជោគជ័យនៅថ្ងៃខាងមុខ។

លោក បានគូសបញ្ជាក់ថា ក្រសួងបរិស្ថានបានប្រកាសដាក់ឱ្យអនុវត្តនូវយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការថ្មីមួយទៀត នៃការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ប្រជាពលរដ្ឋបានបង្ហាញការគាំទ្រ និងចាត់ទុកថាជាយុទ្ធនាការដ៏ត្រឹមតែមួយ ដែលអាចជួយឱ្យប្រទេសកម្ពុជាគ្មានប្លាស្ទិក បំពុលបរិស្ថាន និងបង្កគ្រោះថ្នាក់ដល់មនុស្សសត្វ ហើយក៏ជាផ្នែកមួយយ៉ាងសំខាន់ ដែលជួយឱ្យប្រទេសមានអនាម័យស្អាតផូរផង់ និងជួយឱ្យការរស់នៅប្រកប ដោយសុខុមាលភាពថែមទៀត ផង។

ជាមួយនឹងការលើកឡើងនេះយុវជន ចាន់ រដ្ឋា បានបង្ហាញការគាំទ្រ និងបានប្តេជ្ញាចិត្តចូលរួម កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ បា្លស្ទិកបង្កការប៉ះពាល់យ៉ាងខ្លាំង មិនថាមនុស្សឬសត្វនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ និងយុវជនទាំងអស់គ្នាចូលរួម ឱ្យបានគ្រប់គ្នាដើម្បីប្រទេសយើង គ្មានកាកសំណល់ថង់ប្លាស្ទិក។

ដូចគ្នាដែរ យុវតី ហេង ស្រីនា ក៏បានប្តេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក ចាប់ពីពេលនេះតទៅដើម្បីបរិស្ថានខេត្តកំពង់ស្ពឺ និងបានសំណូមពរដល់យុវជនទាំងអស់ គ្នាបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក ហើយបង្វែរមកប្រើប្រាស់ ការវេចខ្ជប់ស្លឹកជំនួសវិញ ប្រសិនបើមិនមានការចាំបាច់ ក្នុងការប្រើប្រាស់ថង់។

យុវតីរូបនេះបន្តថា យើងជាប្រជាពលរដ្ឋត្រូវតែចូលរួម ក្នុងការកាត់បន្ថយការប្រើប្រាស់ ថង់ប្លាស្ទិកឱ្យបានចាប់ពីពេលនេះទៅ ពីព្រោះថាកាលណាប្រទេសស្អាត គឺពិតជាបង្ហាញឱ្យឃើញពីការរស់នៅ របស់ប្រជាពលរដ្ឋដែលមានចំណេះដឹង អនាម័យ ផាសុកភាព និងក៏ជាផ្នែកមួយនៃការទាក់ទាញ ទេសចរណ៍ឱ្យមកកម្សាន្ត នៅប្រទេសកម្ពុជាក៏ដូចខេត្តកំពង់ស្ពឺផងដែរ ។

បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានឲ្យដឹងនាពេលថ្មីៗនេះថា ដោយសារកត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គម និងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិក មានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិក ដែលប្រជាជនកម្ពុជា ម្នាក់ប្រើជាមធ្យម ៤ថង់ក្នុង១ថ្ងៃ គឺប្រមាណជា ៥៥លានថង់ប្លាស្ទិក ក្នុង១ថ្ងៃ នៅទូទាំងប្រទេស ៕

ដោយ៖ សុខ សុភ័ណ្ឌ

To Top