ព័ត៌មានជាតិ

សមាជិក​ក្រុម​ប្រឹក្សា​ ឃុំ​របស់បក្សភ្លើងទៀន និងបក្ខពួកផឹកស៊ីស្រវឹងបង្កហិង្សា ត្រូវនគរបាលឃាត់ខ្លួន

កំពង់ស្ពឺ៖ សមាជិក​ក្រុមប្រឹក្សារបស់គណបក្សភ្លេីងទៀននៅឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលជាអង្គបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ និងបក្ខពួកកាលពីយប់ថ្ងៃទី២៤​ ឧសភា​ បាន​ផឹកស្រាស្រវឹងបង្កអំពើហិង្សាលើអ្នកដទៃត្រូវនគរបាល​ឃាត់ខ្លួន​។

លោក វរ:សេនីយ៍ឯក ចន សុភិត អធិការ​នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន២នាក់ក្នុងនោះ រួមមាន ឈ្មោះ ឈូក ង៉ែត អាយុ៤៣ឆ្នាំ រស់នៅភូមិសង្រ្គាមបូរ ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាអង្គបោះឆ្នោតបក្សភ្លើងទៀន និងបក្ខពួកឈ្មោះយ៉ុង ផាត អាយុ៤៣ឆ្នាំ រស់នៅភូមិតាម៉ឺន ឃុំទួលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្រុមប្រឹក្សាបក្សភ្លើងទៀន និងបក្ខពួកបានព្រួតគ្នាធ្វើសកម្មភាពវាយទៅលើជនរងគ្រោះឈ្មោះ ដាង គ្រុយ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវចំត្រចៀក១កន្លែង បបូរមាត់១កន្លែង និងក្បាលជង្គង់ បណ្ដាលឲ្យរងរបួសជាទម្ងន់

ករណី​ហិង្សា​នេះ​កេីតឡេីងអំឡុងពេល​ជនរងគ្រោះ និងជនសង្ស័យបានផឹកស៊ីជាមួយគ្នាហើយបានទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក ភ្លាមនោះជនសង្ស័យខាងលើ ខឹងបានព្រួតគ្នាវាយលើជនរងគ្រោះឲ្យរងរបួសតែម្ដងទៅ។

លោកបានបន្តទៀតថាក្រោយធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បាននាំគ្នារត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់អស់តែម្ដង។

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនមួយកន្លែង ក្នុងឃុំទួលអំពិល ស្រុកបសេដ្ឋ។
សូមបញ្ជាក់ថាបន្ទាប់ពីទទួលព័ត៌មានខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលអំពិល ចុះទៅដល់កន្លែងកើតហេតុ ប្រមូលព័ត៌មាន និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។

រហូតដល់ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងជំនាញសហការជាប៉ុស្តិ៍ទួលអំពិល បន្តស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនបង្កយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។

យោងតាមចម្លើយរបស់ជនសង្ស័យឈ្មោះ ឈូក ង៉ែត បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកឈ្មោះ យ៉ុង ផាត ពិតជាបានធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះឈ្មោះ ដាង គ្រុយ ប្រាកដមែនមូលហេតុ ផឹកស៊ីទាស់ពាក្យសម្តីគ្នា៕
ដោយ៖សុខសុភ័ណ្ឌ

To Top