ពោធិ៍សាត់:ដោយអនុវត្តតាមបទបញ្ជារបស់លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាព រដ្ឋបាលខេត្ត និង លោកឧត្តមសេនីយ៍ទោស ថេង ស្នងការនគរបាលខេត្ត ក្នុងការពង្រឹងសណ្តាប់ធ្នាប់ សារធារណះ និង អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន បានធ្វើការឃាត់ខ្លួនក្មេងទំនើង ២ នាក់ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ នៅលើផ្លូវសាធារណះបង្កអោយបាត់បង់ សណ្តាប់ធ្នាប់នៅតាដងផ្លូវសាធារណះ កាលពីវេលាម៉ោង ១៦ និង ៣០ នាទីថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៤ កន្លងទៅនេះ ។
បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកបាកាន បានអោយដឹងថា ក្មេងទំនើងទាំងពីរនាក់ដែលសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអូរតាប៉ោង និង ប៉ុស្តិ៍រដ្ឋបាលត្រពាំងជងឃាត់ខ្លួននោះមានឈ្មោះសារី រិទ្ធី ភេទប្រុសអាយុ ១៧ ឆ្នាំជនជាតិខ្មែរមុខរបរកសិកររស់នៅភូមិដំណាក់ត្រាច ឃុំរំលេច ស្រុកបាកាន និង ទី២ ឈ្មោះម៉ៅ វណ្ណះ ភេទប្រុសអាយុ ១៧ ឆ្នាំជនជាតិខ្មែរមុខរបរ សិស្សរស់នៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
របាយការណ៍ដដែលក៍បានអោយដឹងដែរថា ក្មេងទំនើងទាំង ២ នាក់នេះបានជិះម៉ូតូមួយគ្រឿងឌុបគ្នាជិះបង្ហោះតាមបណ្តោយផ្លូវជាតិលេខ ៥ ចាប់ពីចំនុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៨-១៩៩ ហើយក៍ត្រូវបានសមត្ថកិច្ច នគរបាលដេញស្ទាក់ចាប់ឃាត់ខ្លួនបានតែម្តង។
បច្ចុប្បន្នក្មេងទំនើងទាំង ២ នាក់រួមនិងវត្ថុតាងម៉ូតូ ១ គ្រឿងសមត្ថកិច្ច កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាលស្រុកដើម្បីសួរនាំទៅតាមនិតិវិធី ៕