ស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាបក្មេងទំនើង និងឃាត់ខ្លួនបានចំនួន៣នាក់ ក្រោយធ្វើសកម្មភាព ដេញវាយនិងកាប់គ្នាយ៉ាងសាហាវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
សមត្ថកិច្ចនគរបាល ខេត្តស្វាយរៀងបានឲ្យដឹងថា ដោយមានបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាល ខេត្តស្វាយរៀង ក្នុងការងារបង្ការ និងបង្ក្រាបក្មេងទំនើង កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ក្រោយពីបានទទួលព័ត៌មានថា មានក្រុមក្មេងទំនើង៥នាក់ ប្រុស កំពុងធ្វើសកម្មភាពដេញវាយ និងកាប់ នៅចំណុចភូមិកោះក្បានខាងជើង ឃុំសំរោង ស្រុកចន្ទ្រា រួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានបង្ក្រាប និងបានឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៣នាក់ ប្រុស ក្រោយពីសកម្មភាពវាយ និងកាប់លើជនរងគ្រោះ ២នាក់ ប្រុស បណ្តាលឲ្យរបួសធ្ងន់ ស្រាល២នាក់ ព្រមទាំងបានដកហូត ម៉ូតូ ១គ្រឿង និងវត្ថុមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចកិច្ច ក្រុមក្មេងទំនើងទាំង៣នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានដេញវាយ និងកាប់លើជនរងគ្រោះពិតប្រាកដមែន។
បច្ចុប្បន្ន ក្រុមក្មេងទំនើងទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកបក្សពួកបន្ថែមទៀត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ផងដែរ។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច រឹតបន្តឹងការចាត់វិធានការ ឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្រុមក្មេងទំនើង ដែលបង្ករអុកឡុកនៅមូលដ្ឋាន ៕