ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យស្ដេចយាងចូលរួម ជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ជាមួយលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងព្រះរាជពិធីប្រគល់ និងទទួលសម្ភារ ដែលជាជំនួយរបស់ភាគីចិនជូនចំពោះក្រុមការងារ ព្រះមហាក្សត្រ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅព្រះបរមរាជវាំង។
ក្នុងឱកាសនោះ ព្រះករុណា ព្រះមហាក្សត្រ បានផ្តាំផ្ញើតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតចិន ថ្លែងអំណរគុណជូនចំពោះលោក Xi Jinping ប្រធានាធិបតីចិន និងរដ្ឋាភិបាលចិន ដែលតែងផ្តល់ជំនួយ ដល់ព្រះរាជវង្សានុវង្សខ្មែរ និងប្រជាជនកម្ពុជា ហើយព្រះអង្គបានសព្វព្រះទ័យកោតសរសើរភាគីចិន ដែលជាមិត្តដ៏មហិមារបស់ប្រជាជនកម្ពុជា តែងផ្តល់ការគាំទ្រ ដល់ក្រុមការងាររបស់ព្រះអង្គអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។
លោកឯកអគ្គរដ្ឋទូត មានប្រសាសន៍ថា ការបន្តគាំទ្ររបស់រដ្ឋាភិបាលចិន ជូនចំពោះក្រុមការងារ របស់ព្រះមហាក្សត្រ គឺជាសក្ខីភាព នៃទំនាក់ទំនងចំណងមិត្តភាព ជាប្រពៃណីរវាងចិន និងកម្ពុជា។ ភាគីចិនរីករាយបន្តគាំទ្រ ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ហើយនឹងបន្តផ្តល់ជំនួយ ទៅតាមលទ្ធភាពរបស់ខ្លួន ដល់ក្រុមការងាររបស់ព្រះមហាក្សត្រ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន៕