ព័ត៌មានជាតិ

អង្គការ AHF ប្រារព្វទិវាសុខភាព ពេលមករដូវ ដើម្បីឱ្យសង្គមបង្កើន ការយកចិត្តទុកដាក់ បន្ថែមទៀត ទៅលើស្ត្រី និងក្មេងស្រី

ភ្នំពេញ ៖ អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ (AHF) ប្រទេសកម្ពុជានៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២៤បានប្រារព្វទិវាសុខភាពពេលមករដូវ ដើម្បីឲ្យសង្គមបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើស្ត្រី និងក្មេងស្រី សំដៅលុបបំបាត់ការមាក់ងាយ និងការរើសអើង និងការមិនយកចិត្តទុកដាក់ ដែលធ្វើឲ្យរាំងស្ទះ ដល់ការរីកចម្រើនរបស់ក្មេងស្រី ។

ថ្លែងក្នុងទិវាសុខភាព ពេលមករដូវនិងចែកចាយសំឡីអនាម័យ និងខោទ្រនាប់ដល់ សិស្សអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាធិបតីតេជោហ៊ុន សែន ចំបក់មាស ស្ថិតនៅសង្កាត់ បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានី ភ្នំពេញ លោកស្រី វេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធី អង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺ អេដស៍ប្រចាំ ប្រទេសកម្ពុជា បានឱ្យដឹងថាទិវាសុខភាព ពេលមករដូវនេះ ប្រារព្ធឡើងដើម្បីបង្កើនការយល់ដឹង អំពីសារៈសំខាន់ នៃការអប់រំសុខភាព ពេលមករដូវ នឹងជួយឱ្យក្មេងស្រីបន្តរៀននៅសាលា កាត់បន្ថយការមាក់ងាយ និងការរើសអើង និងអនុញ្ញាតឱ្យពួកគេ រីកចម្រើនលូតលាស់ នៅពេលដែលពួកគាត់កំពុងមានរដូវ។

តាមការប៉ាន់ប្រមាណមានប្រជាជន ប្រមាណ ១.៨ ពាន់លាននាក់ មករដូវនៅទូទាំងពិភពលោក ប៉ុន្តែ ៥០០លាននាក់ នឹងជួបប្រទះនឹងភាពក្រីក្រក្នុងពេល មានរដូវរួមទាំងកង្វះលទ្ធភាពទទួលបានផលិតផលសុខភាពពេលមករដូវ កន្លែងសុវត្ថិភាព និងអនាម័យ និងការទទួលយកសហគមន៍។ ឧបសគ្គទាំងនេះ រួមជាមួយនឹងការមាក់ងាយ អាចនាំទៅរកលទ្ធផលសុខភាពមិនល្អ ការខកខានការសិក្សា ឬការងារ និងផលប៉ះពាល់អវិជ្ជមានលើសុខភាពផ្លូវចិត្ត។ ទិវាសុខភាពរដូវនេះ សូមបញ្ចប់ភាពក្រីក្រ និងបញ្ចប់ការមាក់ងាយ ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង បានបន្តថា «ការធ្វើឱ្យប្រសើរឡើង នូវសុខភាពពេលមករដូវចំពោះសិស្សសាលា ក្មេងស្រី អាចនាំឱ្យបានទទួល លទ្ធផលយូរអង្វែងលើការអប់រំ សុខភាព និងសុខុមាលភាពរបស់ស្ត្រីទាំងមូល»

លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា អង្គការ AHFជាអង្គការធ្វើការលើជំងឺអេដស៍ពិភពលោកដ៏ធំបំផុត។ បច្ចុប្បន្នអង្គការនេះ បានផ្តល់សេវាថែទាំវេជ្ជសាស្រ្ត ឬសេវាកម្មដល់អតិថិជនជាង១.៧ លាននាក់នៅក្នុង៤៥ប្រទេសទូទាំងពិភពលោកដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការ៉ាបៀន តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប។

លោក ហែម ស៊ីណាត ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បានមានប្រសាសន៍ថាប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពសុខភាពក្មេងស្រី លើគ្រប់រូបភាព សង្គមនយោបាយ ឱកាស និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់ នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ ផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារីជាសេនាធិការ ដ៏រឹងមាំ។

លោកប្រធានមន្ទីរបានបន្តថា ជាមួយគ្នានេះដែរក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការដឹកនាំ គ្រប់គ្រង និង សម្របសម្រួល ជំរុញឱ្យមាន ការចូលរួមគ្រប់អ្នកពាក់ព័ន្ធ តាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិ ដែលរួមមាន គណៈកម្មាធិការ សុខ ភាព ស្ថាប័ន ខេត្ត ស្រុក ខណ្ឌ និងឃុំ សង្កាត់ ទូទាំងប្រទេស រួមជាមួយដៃគូអភិវឌ្ឍន៍ជាតិ អន្តរជាតិ សង្គម ស៊ីវិល ដើម្បីពង្រឹងសុខភាព ស្ត្រី និងក្មេងស្រី។

លោកប្រធានមន្ទីរ បានក្រើនរំលឹក ដល់គណៈនាយកលោកគ្រូអ្នកគ្រូបន្តការ ចូលរួមអប់រំចំណេះដឹង ពីការមករដូវនេះ ដល់សិស្សានុសិស្សពិសេសសិស្សស្រី ដើម្បីឱ្យពួកគេបានត្រៀម លក្ខណៈគ្រប់គ្រាន់នៅពេល ដែលពួកគេមករដូវ៕

To Top