ព័ត៌មានជាតិ

ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ៥នាក់បន្ថែមទៀត បានមកដល់កម្ពុជា នៅថ្ងៃនេះ ក្រោមការសម្របសម្រួល របស់រាជរដ្ឋាភិបាល

ភ្នំពេញ ៖ ពលការិនីខ្មែរ នៅអារ៉ាប៊ីសាអូឌីត ចំនួន ៥នាក់ទៀត បានមកដល់ប្រទេសកម្ពុជាវិញ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយ ជ្រោមជ្រែង ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត ជាសេនាធិការ រួមទាំងភាគីពាក់ព័ន្ធ។ គិតត្រឹមលើកនេះទៀត បងប្អូនពលការិនីវិលត្រលប់មកមាតុប្រទេសវិញ សរុបបានចំនួន៥៧នាក់។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលយ៉ាងកក់ក្តៅ ចំពោះការមកដល់ របស់ពលការិនី តាំងពីការសម្របសម្រួល នៅព្រលានយន្តហោះ ក្នុងព្រះរាជាណាចក្រថៃ រហូតមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងនៅទីស្តីការក្រសួង។

សូមរំលឹកថា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ក្រោមមានការសម្របសម្រួល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ពលការិនីខ្មែរចំនួន ២៤នាក់ បានវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយទទួលបានការយកចិត្តទុកដាក់ ពីក្រុមការងាររបស់ក្រសួង។ ក្នុងនោះ ក្រៅពីការយកចិត្តទុកដាក់លើម្ហូបអាហារ និង ការធ្វើដំណើរ ពលករទាំងអស់ ទទួលបានការផ្សព្វផ្សាយ ពីឱកាសការងាររ៉ាប់ម៉ឺនកន្លែង ដែលមាននៅក្នុងស្រុក និងនៅជិតភូមិដ្ឋាន ក៏ដូចជាការបង្ហាញពីឱកាសសិក្សាវគ្គបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ (C1) ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងករណីមានបណ្ណសមធម៌ រួមទាំងទទួលបានការពិនិត្យសុខភាព ថែមទៀតផង មុននឹងការជូនដំណើរទៅកាន់លំនៅឋាន ។

សូមបញ្ជាក់ថា ក្រោយពីទទួលលបានដំណឹង ស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរ នៅអារ៉ាប៊ីសាអូឌីត រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំ នៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ បានសម្របសម្រួល ជាមួយនឹងភាគីអារ៉ាប៊ីសាអូឌីត ដើម្បីឱ្យពលការិនី អាចវិលមកកម្ពុជាវិញប្រកបដោយសុវត្ថិភាព ៕

To Top