ព័ត៌មានជាតិ

ប្រធាន គ.ជ.ប ៖ ការបោះឆ្នោតក្រុមប្រឹក្សា ប្រព្រឹត្តដោយរលូន ខណៈតួលេខបណ្ដោះអាសន្នអ្នកទៅបោះឆ្នោតជិត ១០០%

ភ្នំពេញ ៖ លោក ប្រាជ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានវាយតម្លៃថា បរិយាកាសទូទៅជុំវិញ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤នេះ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែងឡើយ។

ការបោះឆ្នោតនេះ បើតាមតួលេខបណ្តោះអាសន្ន នៃអ្នកបោះឆ្នោតដែល គ.ជ.ប ទទួលបានបង្ហាញថា «អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួនសរុប ១១.៦២២នាក់»។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប នាថ្ងៃ២៦ ឧសភា ឆ្។

លោក ប្រាជ្ញ ចន្ទ បានវាយតម្លៃជារួមថា «បរិយាកាសទូទៅជុំវិញការបោះឆ្នោតមានសភាពល្អប្រសើរ ដែលបង្កលក្ខណៈដល់ការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា គ្មានការគំរាមកំហែង និងពុំមានសកម្មភាពធ្វើឱ្យរាំងស្ទះដល់ដំណើរការបោះឆ្នោតឡើយ ដែលយើងអាច ចាត់ទុកថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងទទួលបានលទ្ធផល ជោគជ័យគួរជាទីមោទក»។

អំពីការប្រកាសលទ្ធផលបឋមនៃការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ បានមានប្រសាសន៍ថា ដើម្បីឲ្យដំណើរការ នៃការរៀបចំចាត់ចែងយន្តការនៃការងារបញ្ជូន ទទួល ត្រួតពិនិត្យផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន គ.ជ.ប បានបង្កើតគណៈកម្មការមួយឈ្មោះថា «គណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត»។ យន្តការ និងនីតិវិធីនៃការគ្រប់គ្រង និងរៀបចំការប្រកាសផ្សាយលទ្ធផលបឋម នៃការបោះឆ្នោត ត្រូវកំណត់ពីថ្នាក់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ដែលលេខាធិការដ្ឋាន នៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) ជាប្រតិបត្តិករក្នុងការអនុវត្តកម្មវិធី បញ្ចូល ផ្ទៀងផ្ទាត់ និងបញ្ជូនទិន្នន័យលទ្ធផលបឋមក្នុងរាជធានី ខេត្តសាមី ក្រោមការដឹកនាំ និង ត្រួតពិនិត្យ ដោយ គធ.ខប មក គ.ជ.ប តាមរយៈគណៈកម្មការគ្រប់គ្រងលទ្ធផលបឋមនៃការបោះឆ្នោត។

លោកប្រធានបន្ដថា គណៈកម្មការនេះ ត្រូវចាត់ចែងធ្វើការពិនិត្យផ្ទៀងផ្ទាត់ សម្រាប់ផ្សព្វផ្សាយជាព័ត៌មាន លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ ការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតតាមប្រភេទក្រុមប្រឹក្សានីមួយៗ ត្រូវធ្វើតាមរបៀបវិលជុំចំនួនយ៉ាងច្រើន ២ជុំ ដោយចាប់ផ្តើមពីការផ្សព្វផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាតាមមណ្ឌលក្រុង ស្រុក ខណ្ឌជាមុន និងបន្តមកក្រុមប្រឹក្សាតាមមណ្ឌលរាជធានី ខេត្ត៕

To Top