ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៧ នៅទីក្រុងហ្សឺណែវ

ភ្នំពេញ ៖ តបតាមការ អញ្ជើញ របស់អង្គការសុខភាពពិភពលោក ព្រមទាំង ទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល កាលពីថ្ងៃ២៥ ឧសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃក្រសួងសុខាភិបាល អញ្ជើញចូលរួមមហាសន្និបាត សុខភាពពិភពលោក លើកទី៧៧ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែឧសភា ដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ។

មហាសន្និបាតសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក (១៩៤) ចូលរួមពិនិត្យពិភាក្សា និងសម្រេចការងារ ពាក់ព័ន្ធនឹងសុខភាព របស់ប្រជាជនជាសាកល ។ មហាសន្និបាតសុខភាព ត្រូវបានប្រារព្ធឡើង ជារៀងរាល់ឆ្នាំ នៅទីក្រុងហ្សឺណែវ និងមានការចូលរួមភាគច្រើន ដោយរដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋសមាជិករបស់អង្គការសុខភាពពិភពលោក និងផ្តោតលើរបៀបវារៈសុខភាពជាក់លាក់ ដែលរៀបចំឡើង ដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាតពិនិត្យពិភាក្សា និងសម្រេច ។ មុខងារសំខាន់ៗ របស់មហាសន្និបាត សុខភាពពិភពលោក គឺ កំណត់គោលនយោបាយ សុខភាពខ្ពស់បំផុត របស់ពិភពលោក ព្រមទាំង មានការ ជ្រើសតាំងអគ្គនាយក អគ្គនាយករង នៃអង្គការសុខភាពពិភពលោក ការត្រួតពិនិត្យ គោលនយោបាយហិរញ្ញវត្ថុ និងអនុម័តថវិកា កម្មវិធីជាដើម ។

ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍ លើប្រធានបទសំខាន់ៗ មួយចំនួនស្តីពី លទ្ធផលសំខាន់ៗ ដែលវិស័យសុខាភិបាល របស់ក្រកម្ពុជាសម្រេចបាន និង ផែនការអាទិភាព សុខាភិបាល ដើម្បីឈាន ទៅសម្រេច បានការគ្របដណ្តប់សុខភាព ជាសកល (UHC) ដែលបង្ហាញ ពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំ រវាងអង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល។

ក្នុងឱកាសនៃដំណើរ ទស្សនកិច្ចខាងលើនេះ សាស្ត្រាចារ្យរដ្ឋមន្ត្រី គ្រោងនឹងទទួលជួបពិភាក្សា ការងារជាលក្ខណៈទ្វេភាគី ជាមួយអគ្គលេខាធិការ អង្គការសុខភាពពិភពលោក ប្រធានប្រចាំតំបន់ អាស៊ីប៉ាស៊ីហ្វិកខាងលិច ប្រធានអង្គការអន្តរជាតិ ផ្នែកសុខភាពមួយចំនួន ដើម្បីសិក្សាអំពីលទ្ធភាពពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រួមគ្នាសម្រេចឲ្យបាន នូវផែនការ យុទ្ធសាស្ត្រសុខាភិបាល ក៏ដូចជាចំណុចអាទិភាព សុខាភិបាល ដើម្បីឈានទៅសម្រេច បាននូវការគ្របដណ្តប់ សុខភាពជាសកល ស្របតាមផែនការ យុទ្ធសាស្រ្តបញ្ចកោណ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ ៕

To Top