ព័ត៌មានជាតិ

លោក វ៉ាង វិនធាន ចាត់ទុកទំនាក់ទំនង ចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនង អន្តរជាតិបែបថ្មី

ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព របស់ប្រទេសចិនប្រចាំកម្ពុជា បានចាត់ទុកទនាក់ទំនងចិន-កម្ពុជា គឺជាគម្រូនៃទំនាក់ទំនង អន្តរជាតិបែបថ្មី ។

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃ២៧ ឧសភា លោក Wang Wentian បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ឈាង ជូនសម្ដេចតេជោ។

លោកសង្កត់ធ្ងន់ថា ចិន និងកម្ពុជា គឺជាមិត្តប្រពៃណី និងមិត្តដែកថែប ។ លោកមានកិត្តិយសបំផុត ក្នុងជីវិត របស់លោកដែលបានធ្វើជា ឯកអគ្គរដ្ឋទូត ប្រចាំកម្ពុជា និង ត្រូវបានផ្តល់ឱកាសឲ្យចូលរួម លើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា និងចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រជាច្រើននៅកម្ពុជា។

លោកមានការពេញចិត្តបំផុត ដែលបានធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក្នុងនីតិកាលទី៦ និងក្រោមការដឹកនាំ របស់សម្តេចធិបតី ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបាននាំមក នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងសុខុមាលភាពជូនប្រជាជនកម្ពុជា ។

លោក វ៉ាង វិនធាន បានអបអរសារកម្ពុជា ដែលមានការផ្ទេរអំណាច ដោយរលូនដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ និងអបអរសាទរសម្តេច ដែលបានជាប់ឆ្នោត ជាប្រធានព្រឹទ្ធសភាកម្ពុជា។

លោកមានមោទកភាពបំផុត ដែលនៅឆ្នាំ២០១៩ ចិន និង កម្ពុជា បានចុះហត្ថលេខា មុនគេបង្អស់ លើអនុស្សរណយោគយល់គ្នា ស្តីពីកិច្ចព្រមព្រៀង ជាឯកច្ឆន្ទក្នុងការកសាងសហគមន៍ ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។

លោក វ៉ាង វិនធាន ចាត់ទុកថាទំនងចិន-កម្ពុជា គឺជាគម្រូ នៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ចិនចាត់ទុកកម្ពុជា ជាប្រទេសអាទិភាព ក៏បានប្តេជ្ញា សហការក្នុងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងខិតខំជំរុញច្រករបៀងមច្ឆា និងអង្ករ ឧស្សាហកម្ម និងបច្ចេកវិទ្យា ឲ្យមានការរីកចម្រើន ដើម្បីផលប្រយោជន៍ទៅវិញទៅមក ។ ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ចិន និងកម្ពុជា បានសហការប្រែក្លាយក្រុងព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងកសាងហេដ្ឋរចនាសម្ព័ន្ធជាច្រើន ជាពិសេស តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប ពហុកីឡដ្ឋានមរតតេជោ ។ ជាលទ្ធផល នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ចិន-កម្ពុជា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរបានកើនឡើងសន្ធឹកសន្ធាប់។

លោក វ៉ាង វិនធាន ក៏បានរំលឹកផងដែរ អំពីភាពជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ជាប្រធានអាស៊ាន និង ការរៀបចំការប្រកួតកីឡា ស៊ីហ្គេម ដែលបានលើកកម្ពស់កម្ពុជា នៅក្នុងឆាកអន្តរជាតិ ព្រមទាំង ភាពជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយមានការចូលរួមចំណែករបស់ប្រទេសនិងប្រជាជនចិន។ នេះគឺសក្ខីភាពបញ្ជាក់ពីការរួមសុខរួមទុក្ខរបស់ចិន ជាមួយកម្ពុជា ។

លោកបានថ្លែងអំណរគុណសម្តេច និងរាជរដ្ឋាភិបាលកម្ពុជាដែលរក្សាជំហរយុត្តិធម៌ស្តីពីសមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារផលប្រយោជន៍ចិន-កម្ពុជា និងផលប្រយោជន៍អាស៊ាន-ចិន។ ស្ថានការណ៍ពិភពលោកប្រែប្រួល ទំនាក់ទំនងចិន-កម្ពុជា មិនប្រែប្រួលទេ ។

លោកលើកឡើងថា ប្រជាជនចិននឹងមានក្តីរំភើបទទួលទស្សនកិច្ចរបស់សម្តេចតេជោ នៅចិននាពេលខាងមុខ ៕

To Top