ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Kristin Parco ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា។
ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមភាគីទាំងពីរ បានពិភាក្សានិងចែករំលែកទស្សនៈទានស្តីពីកម្មវិធីណែនាំតម្រង់ទិសមុនពេលដំណើរសម្រាប់ទេសន្តរប្រវេសករឱ្យអាចទទួលបានព័ត៌មានច្បាស់លាស់ និងត្រឹមត្រូវមុនពេលបំពេញការងារនៅប្រទេសទទួល ហើយនឹងអាចដឹងពីវិធីសាស្ត្រសុំជំនួយពេលត្រូវការ។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីផែនការយុទ្ធសាស្ត្រជាអាទិភាពរបស់ក្រសួងដើម្បីធ្វើឱ្យពលករទេសន្តប្រវេសន៍អាចទទួលបានកិច្ចគាំពារ និងប្រយោជន៍ជាអតិបរមាបន្ថែមទៀតដែលជាបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជានិយាយជារួមនិងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិយាយដាច់ដោយឡែកលើការគ្រប់គ្រងទេសន្តប្រវេសករ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អង្គការទេសន្តរប្រវេសន៍ដែលបានបង្កើតកិច្ចសហការ និងការគាំទ្រដល់ក្រសួងកន្លងមក និងកិច្ចសហការនាពេលអនាគតដើម្បីបន្តពង្រឹងយន្តការគ្រប់គ្រងទេសន្តរប្រវេសន៍ករឱ្យកាន់តែមានប្រសិទ្ធភាពនិងផ្តល់ប្រយោជន៍កាន់តែច្រើនបន្ថែមទៀត៕









