ព័ត៌មានជាតិ

ចិនអរគុណ ចំពោះជំហរ យុត្តិធម៌របស់កម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និង តំបន់ស៊ីងជាំង

ភ្នំពេញ ៖ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះជំហរយុត្តិធម៌ របស់កម្ពុជា លើបញ្ហាសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និង តំបន់ស៊ីងជាំង។

ការថ្លែងអំណរគុណ ចំពោះកម្ពុជា បែបនេះ ធ្វើឡើងនៅក្នុងឱកាសជំនួបលោក វ៉ាង វិនធាន អញ្ជើញសម្ដែងការគួរសម និងជម្រាបលា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។

សូមរំលឹកថា នៅក្នុងកត្ដាប្រកួតប្រជែងយុទ្ធសាស្រ្ត និងភូមិសាស្រ្តនយោបាយ បញ្ហាសមុទ្រចិនខាងត្បូង កោះតៃវ៉ាន់ និងតំបន់​ស៊ីនជាំង (Xinjiang) ដែលនៅ​ភាគ​ពាយ័ព្យ ​នៃ​ប្រទេស​ចិន ជា​កន្លែង​រស់​នៅ​ដ៏​សំខាន់ របស់​ជន​ជាតិ​អ៊ូហ្គួយ ​(Uighurs) ​កាន់​សាសនា​ឥស្លាម ត្រូវបានក្រុមប្រទេសលោកខាងលិច ដឹកនាំដោយសហរដ្ឋអាមេរិក តែងតែទុកជាកូនអុក សម្រាប់តវ៉ាជាមួយចិន នៅក្នុងសតវត្សន៍ទី២១នេះ ។

ក្នុងជំនួបនេះ លោក វ៉ាង វិនធាន បានថ្លែងអំណរគុណសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាជំហរយុត្តិធម៌ស្តីពី សមុទ្រចិនខាងត្បូង បញ្ហាកោះតៃវ៉ាន់ និងតំបន់ស៊ីងជាំង សំដៅការពារ ផលប្រយោជន៍ ចិន-កម្ពុជា និងផលប្រយោជន៍ អាស៊ាន-ចិន៕

To Top