ភ្នំពេញ ៖ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានបំពាក់បច្ចេកវិទ្យាចុងក្រោយសម្រាប់ម៉ាស៊ីន MRI 3 Tesla ដែលជាម៉ាស៊ីនទំនើបជាងគេបង្អស់នៅកម្ពុជា ក្នុងការធ្វើរោគវិនិច្ឆ័យចំពោះជំងឺបានច្រើនផ្នែក មានភាពច្បាស់លាស់ និងគុណភាព សុវត្ថិភាព ដោយធ្វើឲ្យការព្យាបាលអ្នកជំងឺបានត្រឹមត្រូវ ហើយកាត់បន្ថយការចំណាយពេលវេលាថែមទៀត។
ក្នុងសិក្ខាសាលាស្ដីពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាថ្មី ម៉ាស៊ីន MRI 3 Tesla ដែលរៀបចំឡើងដោយមន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នាព្រឹកថ្ងៃទី២៧ ឧសភា លោកវេជ្ជបណ្ឌិត Sirisak Rojanaprasertkij នាយកស្ដីទីនៃមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបានថ្លែងថា ការបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ សម្រាប់ម៉ាស៊ីន MRI 3 Tesla នៅក្នុងមន្ទីរពេទ្យនេះ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យមានគុណភាពក្នុងការព្យាបាលដល់ប្រជាជនកម្ពុជាក៏ដូចជាជនបរទេសដែលកំពុងតែនៅកម្ពុជា កាន់តែប្រសើរថែម ទៀត។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការរៀបចំសិក្ខាសាលា និងការបំពាក់នូវបច្ចេកវិទ្យា ម៉ាស៊ីន MRI 3 Tesla នេះ មន្ទីរពេទ្យមានគោលការណ៍៥ ទី១. មន្ទីរពេទ្យ ត្រូវមានវេជ្ជបណ្ឌិតដែលពូកែ ទី២. មានគិលានុបដ្ឋាយិកាដែលពូកែ ទី៣. មានក្រុមអ្នកជំនាញគ្រប់គ្រាន់ក្នុងការទទួលអ្នកជំងឺ ទី៤. មានបច្ចេកវិទ្យាទំនើប និងទី៥. ការរៀបចំយុទ្ធសាស្រ្ដក្នុងការផ្ដល់សេវា និងការព្យាបាលប្រកបដោយប្រសិទ្ធភាពជូនដល់អ្នកជំងឺ។ លោកវេជ្ជបណ្ឌិតបានលើកឡើងថា ការដាក់ម៉ាស៊ីន MRI 3 Tesla នេះ គឺជាម៉ាស៊ីទំនើប និងល្អជាងគេសម្រាប់បច្ចេកវិទ្យាចុងក្រោយបើប្រៀបធៀបជាមួយម៉ាស៊ីនផ្សេងៗ ដែលមាននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។
លោកវេជ្ជបណ្ឌិតបន្ដថា តើហេតុអ្វីបានជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ វិនិយោគលើម៉ាស៊ីន MRI 3 Tesla ដែលទំនើប និងជាម៉ាស៊ីនដែលមានបច្ចេកវិទ្យាចុងក្រោយនោះ ដោយសារតែម៉ាស៊ីននេះ គឺផ្ដល់នូវប្រយោជន៍ច្រើនសម្រាប់អ្នកជំងឺ ហើយគ្រប់ជំងឺទាំងអស់គឺវាសំខាន់ទៅទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិតសង្កត់ធ្ងន់ថា «ដូច្នេះ ការប្រើថតដោយម៉ាស៊ីន MRI 3 Tesla បើប្រៀបធៀបពេលវេលាជាមួយម៉ាស៊ីនទូទៅ គឺខុសគ្នា៣ដង ហើយបើនិយាយពីគុណភាពនៃរូបភាពវិញគឺគុណភាពច្បាស់ជាង ម៉ាស៊ីន MRI 1.5 ឆ្ងាយណាស់ ដែលធ្វើឱ្យវេជ្ជបណ្ឌិត ក៏ដូចជាគ្រូពេទ្យអាចវិនិច្ឆ័យរកឃើញរោគតូចៗក៏បានច្បាស់លាស់ផងដែរ»។
បើតាមលោកវេជ្ជបណ្ឌិត Sirisak Rojanaprasertkij សម្រាប់ម៉ាស៊ីន MRI 3 Tesla ដែលទំនើប និងប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយនេះ បានធ្វើឲ្យអ្នកជំងឺមានភាពងាយស្រួលខ្លាំងមែនទែន បើប្រៀបធៀបជាមួយនឹងម៉ាស៊ីនចាស់ ដោយសារតែទំហំនៃការចូលស្កែនរបស់អ្នកជំងឺមានទំហំធំជាងមុន ហើយសំឡេងក៏មិនសូវរំខានដូចម៉ាស៊ីនមុនៗ ជាពិសេសធ្វើឲ្យអ្នកជំងឺមានភាពងាយស្រួលច្រើនក្នុងការថត ការស្កែនជាមួយម៉ាស៊ីនទំនើបនេះ។
លោកវេជ្ជបណ្ឌិតបន្ថែមថា សម្រាប់ម៉ាស៊ីន MRI 3 Tesla គឺមានផ្នែកមួយដែលជំនួសម៉ាស៊ីនចាស់នោះគឺការថតធ្វើរោគវិនិច្ឆ័យទៅលើបេះដូង ដែលជាបច្ចេកវិទ្យាមួយទំនើប និងធ្វើឲ្យការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ ហើយធ្វើឲ្យអ្នកជំងឺទទួលបានផលប្រយោជន៍ពីម៉ាស៊ីនថ្មីនេះ ធ្វើយ៉ាងណា វេជ្ជបណ្ឌិតដែលធ្វើការព្យាបាលក្ដី ពិនិត្យក្ដី ពួកគាត់មានរូបភាពមួយដែលច្បាស់ និងអាចជួយដល់ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងមិនងាយនឹងខុសទៅលើជំងឺផ្សេងៗនោះ។
ជាមួយគ្នានេះ លោក Axel Hartwig អ្នកជំនាញនៃ ក្រុមហ៊ុន GE ជាក្រុមហ៊ុនផលិតម៉ាស៊ីន MRI 3 Tesla ដែលមានបច្ចេកវិទ្យាទំនើប និងចុងក្រោយគេបំផុតនោះបានឱ្យដឹងថា ម៉ាស៊ីន MRI 3 Tesla នេះគឺជាម៉ាស៊ីនដែលទំនើបចុងក្រោយគេបង្អស់ ដោយម៉ាស៊ីននេះ ធ្វើឱ្យអ្នកជំងឺមិនចាំបាច់ចំណាយពេលវេលាយូរក្នុងការថតស្កេន ការរង់ចាំ ជាមួយនឹងគុណភាពនៃការថត គឺច្បាស់លាស់។
លោកបានពន្យល់ថា ការប្រើប្រាស់ម៉ាស៊ីន MRI 3 Tesla នេះ បានធ្វើឲ្យវេជ្ជបណ្ឌិតដែលធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ហើយនៅពេលដែលចេញលទ្ធផលបានច្បាស់លាស់ ធ្វើឲ្យការព្យាបាលផ្សេងៗកាន់តែត្រឹមត្រូវ។
លោក Axel Hartwig បានអះអាងផងដែរថា ម៉ាស៊ីន MRI 3 Tesla នេះ អាចធ្វើរោគវិនិច្ឆ័យទៅលើជំងឺច្រើនផ្នែក ដូចជាពាក់ព័ន្ធនឹងជំងឺមហារីក, ខួរក្បាល, បេះដូង និងផ្នែកផ្សេងៗទៀតផ្នែកតូចៗនៅក្នុងខ្លួនមនុស្សយើងដែលចង់ថតមើល គឺអាចពិនិត្យ មើលឃើញច្បាស់ ហើយធ្វើការព្យាបាលបានត្រឹមត្រឹម។
សូមជម្រាបជូនថា ម៉ាស៊ីន MRI 3 Tesla នេះ បើប្រៀបធៀបជាមួយម៉ាស៊ីន MRI 1.5 គឺម៉ាស៊ីន MRI 3 Tesla នេះ មានកន្លែងថតធំទូលាយ កម្រិតគុណភាពនៃការថតគឺលឿន ច្បាស់ល្អ ហើយធ្វើឲ្យអ្នកជំងឺមានផាសុកភាពល្អ ពេលចូលថតក្នុងម៉ាស៊ីនដើម្បីធ្វើរោគវិនិច្ឆ័យ ដោយមិនមានការប៉ះពាល់ ឬផលរំខានណាមួយឡើយ ជាពិសេសចំណេញពេលវេលា និងរូបភាពច្បាស់ជាងម៉ាស៊ីនផ្សេងៗទៀតឆ្ងាយណាស់។ សម្រាប់ ម៉ាស៊ីន MRI 3 Tesla នេះ គឺមានតែនៅក្នុងមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញតែមួយប៉ុណ្ណោះ នៅកម្ពុជា៕