ព័ត៌មានជាតិ

សម្ដេចធិបតី អំពាវនាវឲ្យបង្កើត យុទ្ធសាស្ដ្រផ្លាស់ប្ដូរ ឥរិយាបថសង្គម តាមរយៈទូន្មាន បែបវិជ្ជមានចំពោះកុមារ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានអំពាវនាវដល់គ្រប់ភាគី ពាក់ព័ន្ធទាំងអស់ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរ ឥរិយាបថសង្គម តាមរយៈទូន្មានប្រៀនប្រដៅ បែបវិជ្ជមានចំពោះកុមារ និងរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានលើកុមារ គ្រប់រូបភាព ។

តាមរយៈសារលិខិតរបស់សម្ដេចធិបតីក្នុងឱកាសខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី២៣ ទិវាពិភពលោកប្រឆាំង ពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា២០២៤ សម្ដេចធិបតី បានណែនាំក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីកុមារ ត្រូវបន្តការសម្របសម្រួល និងពង្រឹងការអនុវត្តអនុសញ្ញាស្តីពី សិទ្ធិកុមារ ព្រមទាំងផ្សព្វផ្សាយ និងពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារកុមារ ជាមួយក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល ប្រកបដោយប្រសិទ្ធភាព។

សម្ដេចធិបតីគូសបញ្ជាក់ថា «ក្រសួង ស្ថាប័ន គ្រប់ភាគីពាក់ព័ន្ធរួមទាំងអាជ្ញាធរមានសមត្ថកិច្ច មាតាបិតា អាណាព្យាបាល សហគមន៍ និងកុមារ ត្រូវសហការស្វែងរកដំណោះស្រាយ បង្កើតយុទ្ធសាស្ត្រផ្លាស់ប្តូរឥរិយាបថសង្គម តាមរយៈការទូន្មានប្រៀនប្រដៅបែបវិជ្ជមានចំពោះកុមារ និងត្រូវរួមគ្នាដោះស្រាយ ទប់ស្កាត់ការកេងប្រវញ្ច និងរំលោភបំពានលើកុមារគ្រប់រូបភាព ទាំងអហ្វឡាញ និងអនឡាញឲ្យបានសមស្របនិងទាន់ពេលវេលា»។

សម្ដេចធិបតីបន្ដថា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ត្រូវយកចិត្តទុកដាក់ពិគ្រោះយោបល់ ជាមួយកុមារ រាល់ពេលតាក់តែងច្បាប់ គោលនយោបាយ លិខិតបទដ្ឋាន គតិយុត្តនានាដែលពាក់ព័ន្ធដល់ការរស់នៅ តម្រូវការ បញ្ហាប្រឈម និងការព្រួយបារម្ភរបស់ពួកគេ ជាពិសេស លើកកម្ពស់ការអនុវត្តសិទ្ធិចូលរួមរបស់កុមារ ឲ្យមានភាពទូលំទូលាយ។

នាយករដ្ឋមន្ដ្រីបន្ថែមថា លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ និងភាពជាពលរដ្ឋឌីជីថល ដោយពង្រឹងការអនុវត្តច្បាប់ ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចការពារជនរងគ្រោះឲ្យមានប្រសិទ្ធភាព ជាពិសេសបណ្តុះបណ្តាលដល់អនក្ខរជនឌីជីថល និងជំរុញលើកកម្ពស់ពលរដ្ឋកម្ពុជា ឲ្យក្លាយជាពលរដ្ឋឌីជីថល ប្រកបដោយសុវត្ថិភាព និងឧត្តមប្រយោជន៍ ៕

To Top