ព័ត៌មានជាតិ

លោក ជុំ សុន្ទរី ៖ ដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការពារជាតិ អាមេរិក នៅកម្ពុជា ជាឱកាសដ៏ល្អ ជំរុញបន្ថែមទៀត នូវទំនាក់ទំនង ប្រទេសទាំងពីរ

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា លោក ជុំ សុន្ទរី បានឲ្យដឹងថា ដំណើរទស្សនកិច្ចរដ្ឋមន្ត្រីការពារជាតិ អាមេរិកនៅកម្ពុជា នាដើមខែ មិថុនាខាងមុខនេះ នឹងក្លាយជាឱកាសដ៏ល្អ ក្នុងការជំរុញបន្ថែមទៀត នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។

តាមរយៈសារតេឡេក្រាមនាថ្ងៃ២៧ ឧសភា លោក ជុំ សន្ទរី បានឆ្លើយតបជា មួយអ្នកសារព័ត៌មានថា រដ្ឋមន្ត្រីក្រសួង ការពារជាតិ អាមេរិកពិតជានឹងមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ដោយក្រសួងកំពុង សម្របសម្រួលរៀបចំឲ្យមាន ជំនួបរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះ ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។

សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក អ្នកនាំពាក្យសង្កត់ធ្ងន់ថា «ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាននិងកំពុងត្រូវបានលើកកម្ពស់ នៅក្នុងវិស័យនានាជាច្រើន ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀតសម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។

អ្នកនាំពាក្យបន្ថែមថា ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀមខ្លួន ទទួលតួនាទីជាប្រទេស សម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-អាមេរិក រយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ។

សូមរំលឹកថា លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិអាមេរិក គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៤ មិថុនា បន្ទាប់ពីចូលរួមសន្និសីទស្តីពីសន្តិសុខ Shangri-La Dialogue ដែលប្រព្រឹត្តទៅនៅសិង្ហបុរី ពីថ្ងៃទី៣១ ឧសភា ដល់ថ្ងៃ២ មិថុនា ។ នេះជាដំណើរមកកាន់កម្ពុជា ជាលើកទី២របស់លោក Lloyd Austin ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក ខណៈលើកទី១ លោកបានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានក្នុងខែវិច្ឆិកា ឆ្នាំ២០២២៕

To Top