ព័ត៌មានជាតិ

សម្តេចធិបតី ជួបសំណេះសំណាល ជាមួយប្រតិភូសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាល ជាមួយប្រតិភូនៃសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា ដឹកនាំដោយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ។

រាជរដ្ឋាភិបាល តែងបានចាត់ទុកវិស័យអប់រំជាអាទិភាពបំផុត ក្នុងចំណោមវិស័យនានា ។ ជាក់ស្តែងការជួបសំណេះសំណាល ជាមួយប្រតិភូនៃសមាគម គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នាថ្ងៃនេះ ក៏ជាផ្នែកមួយនៃការបន្តយក ចិត្តទុកដាក់របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានបន្តពីអាណត្តិមុនៗ ក្នុងគោលដៅបានស្តាប់ និងស្វែងយល់ដោយផ្ទាល់នូវវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមនានានៃ ដំណើរការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងក្របខ័ណ្ឌឧត្តមសិក្សា ។

ថ្ងៃនេះគឺជាជំនួបលើកទី៨ របស់ប្រតិភូសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ជាមួយនាយករដ្ឋមន្ត្រី ដែលកន្លងទៅចំនួន៧លើក បានជួបសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ។ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានខិតខំបំពេញនូវបេសកកម្មរបស់ខ្លួន ក្នុងការលើកកម្ពស់គុណភាពសិក្សាដល់សិស្ស-និស្សិត និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់កម្រិត និងបុគ្គលិកអប់រំ ដើម្បីឲ្យមាននិរន្តរភាព នៅតាមគ្រឹះស្ថានសិក្សានីមួយៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយ កែទម្រង់វិស័យអប់រំ របស់រាជរដ្ឋាភិបាលកម្ពុជា៕

To Top