ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកអ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់នៃក្រសួងសុខាភិបាល ចូលរួមពិធីបើកមហាសន្និបាត សុខភាពពិភពលោកលើកទី៧៧ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ។
មហាសន្និបាតសុខភាពពិភពលោក គឺជាវេទិកាពិភពលោកមួយ ដែលបណ្តារដ្ឋជាសមាជិក នៃអង្គការសុខភាពពិភពលោក (១៩៤) ចូលរួមពិនិត្យពិភាក្សា និងសម្រេចការងារពាក់ព័ន្ធនឹងសុខភាព របស់ប្រជាជនជាសាកល។ មហាសន្និបាតសុខភាព ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស និងមានការចូលរួម ភាគច្រើនដោយ រដ្ឋមន្ត្រីសុខាភិបាលនៃរដ្ឋសមាជិក របស់អង្គការសុខភាពពិភពលោក និងផ្តោតលើរបៀបវារៈសុខភាព ជាក់លាក់ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាប្រតិបត្តិ សម្រាប់ដាក់ជូនមហាសន្និបាត ពិនិត្យពិភាក្សា និងសម្រេច។
ក្នុងនាមកម្ពុជា និងក្នុងនាមក្រសួង សុខាភិបាលនៃកម្ពុជាសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងធ្វើបទអន្តរាគមន៍ដោយផ្ទាល់ នៅចំពោះមុខមហាសន្និបាតសុខភាពពិភពលោក ក្នុងវេលាដ៏ឆាប់ខាងមុខ លើប្រធានបទដ៏មានសារៈសំខាន់ ដែលជាគំនិតយោបល់ ជាទស្សនៈទានរបស់កម្ពុជាចែករំលែកដល់ពិភពលោក ដោយឈរលើបទពិសោធន៍កម្ពុជា រួមទាំងកិច្ចការប្រឈមជា សាកលទាំងឡាយ ដែលកម្ពុជា បានស្វែងយល់ស៊ីជម្រៅ និងមានបំណងចែករំលែក ក្នងវេទិកាមហាសន្និបាតសុខភាព ពិភពលោកលើកនេះ៕