ភ្នំពេញ៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ZAHEERUDDIN BABAR THAHEEM ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU)រវាង កម្ពុជា និងអ៊ីស្លាមប៉ាគីស្ថាន ស្តីពីការបង្កើតគណៈកម្មាធិការពាណិជ្ជកម្មចម្រុះ។

ក្នុងពិធីចុះហត្ថលេខា លោកស្រីរដ្ឋមន្រ្តីមានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នានេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការ លើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ជាពិសេសលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយគណៈកម្មាធិការពាណិជ្ជកម្មចម្រុះដែល បង្កើតឡើងដោយអនុស្សរណៈនេះ នឹងក្លាយជាយន្តការមួយដែលអនុញ្ញាតឲ្យ ភាគីទាំងពីរស្វែងរកមធ្យោបាយ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ច និងអ្នកវិនិយោគ ព្រមទាំងធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រីកមូលដ្ឋានផលិតកម្ម និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងភាគីទាំងពីរ។

ជាមួយនឹងការបង្កើតគណកម្មាធិការពាណិជ្ជកម្មចម្រុះ កម្ពុជានិងប៉ាគីស្ថាន នឹងធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ ក្នុងការចូលរួមយ៉ាងសកម្មជាមួយវិស័យឯកជន រួមមាន៖ សភាពាណិជ្ជកម្ម និងសមាគមធុរកិច្ច ដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មនិងសេដ្ឋកិច្ច ការផ្លាស់ប្តូរព័ត៌មានអំពីពាណិជ្ជកម្ម លើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម ព្រមទាំងបើកដំណើរការនូវស្តង់ដា បទប្បញ្ញត្តិបច្ចេកទេស និងនីតិវិធីវាយតម្លៃអនុលោមភាព សម្រាប់វិធានការ/បទប្បញ្ញត្តិស្តីពីអនាម័យ និងភូតគាមអនាម័យ និងរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីសម្រួលដល់ការនាំចេញ៕


